ពលរដ្ឋ ៖ ខែឧសភា ឆ្នាំ ២០២៣ យើងសប្បាយរីករាយជាមួយទស្សនាកីឡាស៊ីហ្គេម និងមិនព្រួយបារម្ភជំងឺកូវីដ១៩ ដូចបណ្តាឆ្នាំមុនៗឡើយ
ភ្នំពេញ៖ សំលេងស្រែកហ៊ោកញ្ជ្រៀវ រួមជាមួយសម្លេងសប្បាយ ក្អាកក្អាយស្ទើរគ្រប់ទីកន្លែងដែលផ្ទុះចេញពីទីលាននៃការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ដ៏ធំ ហើយកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនេះ បានឆ្លុះបញ្ជាំងពីសុវត្តិភាពដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យនៃការគ្រប់គ្រង ជំងឺកូវីដ១៩ ខណៈដែលប្រទេសមួយចំនួនកំពុងមានបញ្ហាជំងឺនេះនៅរាតត្បាតនៅឡើយ។
ទិដ្ឋភាពទាំងនេះវាបានបង្ហាញឱ្យឃើញផ្ទុយគ្នាស្រឡះរវាងឆ្នាំ ២០២០ដល់២០២២ដែលជំងឺនេះបានរីករាតត្បាតនៅទូទាំងពិភពលោក។តាមរយៈវិធានការច្បាស់លាស់ ប្រាកដប្រជា និង ប្រកបដោយភាពវាងវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលអាចទប់ស្កាត់ជំងឺ ដ៏កាចសាហាវនេះ ធ្វើឱ្យក្រុមកីឡាមកពីគ្រប់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ចូលមកកាន់កម្ពុជាដោយមិនភ័យខ្លាចសោះឡើយ។អារម្មណ៍របស់ពួកគេគឺកម្ពុជាមានសុវត្តិភាពរឿងកូវីដ១៩ ហើយផ្ទុយមកវិញអ្វីដែលគេត្រូវគិតនោះគឺក៏ផ្តោតយកចិត្តទុកដាក់លើការប្រកួតជាជាងភ័យខ្លាចជំងឺមួយនេះ ដើម្បីដណ្តើមយកជ័យជំនៈទៅកាន់ប្រទេសវិញប៉ុណ្ណោះ។ គេនៅចាំបានថាអំឡុងខែឧសភាកន្លងមកពលរដ្ឋកម្ពុជា និងប្រជាជនពិភពលោកមួយចំនួនទទួលរងការវាយប្រហារជំងឺកូវីដ១៩ ហើយម្នាក់ៗសម្ងំនៅតែផ្ទះ តំបន់ខ្លះបិទខ្ទប់ អ្នកខ្លះត្រូវធ្វើចត្តាឡីស័ក ឯអ្នកខ្លះទៀតបានឆ្លងជំងឺនេះយ៉ាងជូរចត់ថែមទៀត។
យុវជនមួយរូប ឈ្មោះ ធី លីនីន ដែលបានមកទស្សនាការប្រកួតកីឡាបាល់ទះនៅពហុកីឡាដ្ឋានជាតិអូឡាំពិកបានបញ្ជាក់ប្រាប់ទាំងអារម្មណ៍រីករាយថាបើប្រៀបធៀបទៅ ខែឧសភាដូចគ្នាកាលពីប៉ុន្មានឆ្នាំមុន គឺយើងមានកូវីដ យើងធ្វើចត្តាឡីស័ក ហើយជាក់ស្តែងនៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះមានបងប្អូនយើងមកព្យាបាលជំងឺ មកធ្វើចត្តាឡីស័ក តែពេលនេះផ្ទុយស្រឡះ គឺយើងមកចូលរួម និងទស្សនាការប្រកួតកីឡាដ៏អស្ចារ្យដោយមិនភ័យព្រួយជំងឺនេះដូចមុនបន្តទៀត។ ពលរដ្ឋសប្បាយទស្សនាកីឡាឥតព្រួយបារម្ភថាជំងឺនេះបៀតបៀន។
ដោយចង់បង្ហាញពីក្តីរំភើប និងសុវត្តិភាពជាមួយការចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅខែឧសភានេះ លោក ពា វុឌ្ឍី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថា៖តាមរយៈកម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩ បានទទួលជោគជ័យពេញទី ហេតុនេះក្រៅពីយើងអាចជួបជុំគ្នាបានហើយ នៅមិនចាំបាច់ ពាក់ម៉ាស គ្រប់ពេលវេលាដូចមុនទៀត។នេះចាត់ទុកថាជាជោគជ័យមួយរបស់កម្ពុជា និងគួរឱ្យស្ងើចសរសើរខ្លាំងណាស់។ការនេះវាផ្ទុយគ្នាស្រឡះជាមួយប្រទេសមួយចំនួននៅមានបញ្ហាជំងឺកូវីដ១៩នៅឡើយ។
លោក ផុន ម៉ានី ពលរដ្ឋម្នាក់ទៀតដែលមកទស្សនានៃការប្រកួតបាល់ទះរវាងក្រុមជម្រើសជាតិថៃនិងវៀតណាមកាលពីយប់ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៣បានឱ្យដឹងថា”នៅពេលអត់ជំងឺហ្នឹង យើងបានជួបជុំបងប្អូន ហើយពេលនេះបានមកចូលទស្សនាកីឡាស៊ីហ្គេមពិតជាសប្បាយចិត្ត និងពុំភ័យព្រួយអ្វីឡើយ”។
ដោយនាំកូនចៅមកទស្សនាការប្រកួតបាល់ទះនៅពហុកីឡាដ្ឋានជាតិអូឡាំពិក លោកប្រាក់ សុផុនរស់នៅរាជធានីភ្នំពេញបានឆ្លៀតប្រាប់ឱ្យដឹងថា៖”ខ្ញុំសប្បាយចិត្តមែនទែនដែលរាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចតេជោហ៊ុនសែនអាចធ្វើការទប់ស្កាត់ជំងឺកូវីដជោគជ័យ។ខ្ញុំសប្បាយចិត្តជាមួយនឹងការដើរបានគ្រប់ទីកន្លែងពិសេសមកទស្សនាកីឡាមនុស្សដ៏ច្រើនក៏យើងពុំមានបញ្ហាដែរ”។
ទន្ទឹមជាមួយគ្នានេះស្រ្តីឈ្មោះ វ៉ាននី រស់នៅរាជធានីបានបញ្ជាក់ប្រាប់ថាកម្ពុជាបើកទូលាយពេញទេ យើងមិនភ័យខ្លាចជំងឺកូវីដទៀតទេ។ជាក់ស្តែងដូចការប្រកួតបាល់ទះនេះមនុស្សចូលទស្សនាកុះករតែម្តង។យើងឥតព្រួយបារម្ភថាខ្លាចជំងឺកូវីដ ត្រូវពាក់ម៉ាស ឬប្រើអាល់កុលជាប់ខ្លួនបន្តទៀត។
គួរបញ្ជាក់ថាបើយោងតតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេលប៉ុន្មានថ្ងៃមកនេះ និងក៏ដូចជា សម្រាប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣បានបង្ហាញថា៖ករណីឆ្លងថ្មី ០នាក់,ករណីជាសះស្បើយ ០នាក់និងករណីស្លាប់ ០នាក់ផងដែរ៕អត្ថបទ៖លោកជិនម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត