ឆែកពិចារណាផ្តល់យន្តហោះចម្បាំងផលិតក្នុងស្រុកដល់អ៊ុយក្រែន
ប្រាក៖ ប្រធានាធិបតីឆែក លោក ភីតឺ ផាវែល ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តីថា ប្រទេសឆែកអាចនឹងផ្តល់យន្តហោះចម្បាំងធុន L-159 មួយចំនួនរបស់ខ្លួនដល់អ៊ុយក្រែន ដើម្បីគាំទ្រដល់ផែនការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
ប្រធានាធិបតីឆែក លោក ភីតឺ ផាវែល បានប្រាប់វិទ្យុសាធារណៈឆែកក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា យើងកំពុងពិចារណាថាតើយើងអាចផ្តល់យន្តហោះ L-159 របស់យើងទៅឱ្យអ៊ុយក្រែនបានដែរឬទេ។ លោកថា ដោយចាត់ទុកជាយន្តហោះគាំទ្រការប្រយុទ្ធដោយផ្ទាល់ យន្តហោះ L-159 ក៏សំខាន់ដែលអាចជួយអ៊ុយក្រែនក្នុងការវាយលុកផងដែរ។
លោកបន្ថែមថា ប្រទេសអ៊ុយក្រែនក៏កំពុងស្ថិតក្នុងដំណើរការទទួលបាន នូវប្រព័ន្ធការពារដែនអាកាស Kub ចំនួនពីរគ្រឿងពីប្រទេសឆែកផងដែរ។
សូមបញ្ជាក់ថា L-159 គឺជាយន្តហោះចម្បាំងផលិតដោយប្រទេសឆែកផ្ទាល់ ដែលត្រូវបានរចនាឡើងសម្រាប់ការគាំទ្រការវាយលុកតាមផ្លូវអាកាសរបស់កងកម្លាំងជើងគោក, ការឈ្លបយកការណ៍ និងមួយផ្នែកទៀតសម្រាប់បេសកកម្មប្រយុទ្ធតាមផ្លូវអាកាសផងដែរ។
ឆែកស្ថិតក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានកាលពីខែកុម្ភៈកន្លងទៅ ដោយផ្តល់សម្ភារៈយោធាចាប់តាំងពីគ្រាប់រំសេវ រហូតដល់រថក្រោះដែលមានតម្លៃរាប់ពាន់លានដុល្លារ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

