រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣ បានប្រារព្ធធ្វើព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧០ ព្រះវស្សាយាងចូល៧១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអានសារថ្វាយព្រះពរ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក កម្ពុជា ព្រះជន្មគម្រប់៧០ ព្រះវស្សាយាងចូល៧១ព្រះវស្សា ទូលព្រះបង្គំខ្ញុំ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង ប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ស្ពឺ មានសេចក្ដី សោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែន នក្ខត្តឫក្សនិងថ្លៃថ្លាបំផុត នៃការប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។
ឯកឧត្តមបានមានប្រសាសន៍បន្តថាៈ ក្នុងពិធីដ៏ឧត្តុងឧត្តម និងមហាថ្លៃថ្លានេះ ទូលព្រះបង្គំខ្ញុំទាំងអស់គ្នា សូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខ គ្រប់ប្រការ និងសូមលើកហត្ថទាំងទ្វេរបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវបី ទេវតារក្សាព្រះ មហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយ ប្រោសប្រសិទ្ធពរជ័យ បីបាច់រក្សា និង អភិបាល រក្សាព្រះអង្គជាទីគោរព និងសក្ការៈសូមព្រះអង្គមាន ព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះ បញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ ក្នុងព្រះនាមព្រះមហាក្សត្រ ជាតិខ្មែរជានិច្ចនិរន្តរ៍តទៅ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តនិងគណ:អភិបាលខេត្ត រួមជាមួយ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានថ្វាយកន្ត្រកផ្កា ដើម្បីព្រះពជ័យសិរីមង្គលដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងបានប្រគេនទេយ្យទានចង្ហាន់ និងបច្ច័យចំពោះព្រះសង្ឃផងដែរ ៕ ម៉ុន សំអាត