សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះមេដឹកនាំគណបក្សភ្លើងទៀនបើសិនជាហ៊ានបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា
ភ្នំពេញ៖ តាមរយៈសារសំឡេងបន្ទាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានចាត់វិធានការច្បាប់ចំពោះមេដឹកនាំភ្លើងទៀន បើសិនជាហ៊ានបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅពេលដែលកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម។ សម្តេចក៏បានអំពាវនាវដល់សូមប្រជាពលរដ្ឋកុំចាញ់បោក ហើយមកជាប់គុក ឬស្លាប់ជំនួសឱ្យមេដឹកនាំគណបក្សភ្លើងទៀន។ សូមកុំចូលរួមសកម្មភាពណាមួយជាមួយនឹងមេដឹកនាំភ្លើងទៀនឱ្យសោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឃើញការចេញផ្សាយនៃសេចក្តីប្រកាសរបស់គណបក្សភ្លើងទៀនថា ម៉ោង៣រសៀល ថ្ងៃទី១៣ ខែឧសភានេះ នឹងទៅធ្វើការចុះឈ្មោះគណបក្សភ្លើងទៀន ជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ទន្ទឹមនឹងនេះ គណបក្សភ្លើងទៀន ក៏បានចេញសារព្រមានទុកជាមុន មានចរិតជាការគាបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ ត ហើយក៏ជាការព្រមានទុកជាមុននៃការបង្កអស្ថេរភាពតាមរបស់ដែលហៅថា ការតស៊ូមតិដោយសន្តិវិធី។ មេដឹកនាំខ្ជីខ្ជា ល្ងង់ ហើយទម្លាក់កំហុសដាក់អ្នកដទៃ ខ្វះការទទួលខុសត្រូវ។ បើទោះបីជាគណបក្សភ្លើងទៀន ចុះឈ្មោះបាន ឬមិនបាន សូមបងប្អូនកុំចាញ់បោក ហើយមកជាប់គុក ឬស្លាប់ ជំនួសឱ្យមេដឹកនាំ។ សូមអំពាវនាវឱ្យបងប្អូនកុំចូលរួមសកម្មភាពណាមួយជាមួយនឹងមេដឹកនាំភ្លើងទៀនឱ្យសោះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅគ្រប់អាជ្ញាធរគ្រប់ទីកន្លែងដែលមានសមត្ថកិច្ចមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំប្រឆាំងជាមួយនឹងសណ្តាប់ធ្នាប់សាធារណៈដែលកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនោះឡើយ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសកងកម្លាំងប្រដាប់អាវុធដែលមានការទទួលខុសត្រូវ ត្រូវត្រៀមបម្រុងខ្លួនដើម្បីចាប់យកក្បាលម៉ាស៊ីននៃមេដឹកនាំទាងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលហានចេញមុខប្រឆាំងគាបសង្កត់ជាមួយសណ្តាប់ធ្នាប់សាធារណៈដែលកំពុងតែប្រព្រឹត្តទៅ។ យើងមិនអាចអត់អោនឱ្យបានជាមួយនឹងទង្វើគ្មានការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀនបានទេ។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅមេដឹកនាំគណបក្សភ្លើងទៀនគ្រប់លំដាប់ថ្នាក់ថា “ពួកអ្នកនឹងទទួលរងនៅការឆ្លើយតបដ៏សមរម្យពីអស់លោកអ្នក។ ប្រសិនបើអស់លោកអ្នកហ៊ានបំផ្លាញនៅសណ្តាប់ធ្នាប់សាធារណៈ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅពេលដែលកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមដ៏ជោគជ័យ។ យើងសូមព្រមានចំពោះអស់លោកអ្នកឱ្យប្រយ័ត្នជាមួយនឹងទង្វើទាំងឡាយដែលខ្លួនបានធ្វើ។ សូមឱ្យបណ្តាពន្ធនាគាររៀបចំដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់មេដឹកនាំគណបក្សភ្លើងទៀន ប្រសិនជាគេហ៊ានប្រព្រឹត្តបទល្មើសទាំងឡាយ។ សូមកុំញញើតជាមួយនឹងការប្រើប្រាស់នៅវិធានការច្បាប់ដើម្បីឆ្លើយតបជាមួយនឹងទង្វើដ៏គ្រោះថ្នាក់របស់គណបក្សភ្លើងទៀន។ ពួកគេមានធ្វើកំហុសខ្លួនឯង ប៉ុន្តែពួកគេបែរជាបំផ្លាញទៅដល់សណ្តាប់ធ្នាប់ និងបំផ្លាញទៅដល់ប្រទេសជាតិ តាមរយៈបំផុសឱ្យចលនាទាមទារគាបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្នុងចំណោម២០គណបក្ស ១៩គណបក្សបានទទួលរួចមកហើយ ប៉ុន្តែគណបក្សផ្សេងទៀត ហេតុអ្វីក៏គេចុះឈ្មោះបាន តែសម្រាប់គណបក្សភ្លើងទៀន បែរជាមិនអាចចុះបាន នោះគឺគណបក្សភ្លើងទៀន ខ្វះលិខិតស្នាមគ្រប់គ្រាន់ដើម្បីឱ្យសមស្របជាមួយនឹងការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានភារកិច្ចទទួលខុសត្រូវសណ្តាប់ធ្នាប់សង្គម ធានាឱ្យប្រជាជនមានក្តីសុខសាន្ត។ ខ្ញុំសូមអំពាវនាវអ្នកគាំទ្រគណបក្សភ្លើងទៀន សូមឱ្យស្ងប់ស្ងាត់កុំធ្វើសកម្មភាពតាមសេចក្តីអំពាវនាវរបស់មេដឹកនាំគណបក្សភ្លើងទៀន។ ខ្ញុំសូមព្រមានសាជាថ្មីម្តងទៀតចំពោះមេដឹកនាំគណបក្សភ្លើងទៀន ត្រូវគោរពដល់ច្បាប់ ត្រូវគោរពទៅដល់ភាពការណ៍ដែលកំពុងវិវត្តបានយ៉ាងល្អប្រសើរ ក្នុងពេលវេលាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើអ្នកនៅតែបំពាន យើងក៏មិនខ្លាចនឹងឆ្លើយតបជាមួយនឹងផ្លូវច្បាប់ និងប្រតិបត្តិការទាំងឡាយដើម្បីរក្សានៅស្ថេរភាពរបស់ប្រទេសជាតិនោះឡើយ”។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់ពេលនេះ សម្តេចមិនបានដឹងថា តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចឬមិនសម្រេចនោះឡើយ។ ហើយក៏នៅពេលវេលានៃក្រុមប្រឹក្សាធម្មនុញ្ញ។ ប៉ុន្តែអ្វីដែលភ្លើងទៀនបានធ្វើគឺបានបោះមួយជំហានមកមុនគំរាមកំហែងទៅដល់សន្តិសុខ ស្ថេរភាព តាមរយៈនៃការអំពាវនាវកម្លាំងគាំទ្រចូលរួម។ ដូច្នេះសម្តេចសូមបញ្ជាក់សាជាថ្មីអំពាវនាវឱ្យបងប្អូនគាំទ្រគណបក្សភ្លើងទៀនទាំងឡាយស្ងប់ស្ងាត់ មិនធ្វើតាមសកម្មភាតាមការញុះញង់អំពាវនាវរបស់មេដឹកនាំបក្សភ្លើងទៀននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ខាងវិធានការផ្លូវច្បាប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាជាមួយនឹងតុលាការ តើចាត់វិធានការបែបណាក្នុងករណីដែលត្រូវចាប់ខ្លួនឬឃាត់ខ្លួមនុស្សបែបនេះ?៕
ដោយ៖ពលជ័យ