ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ ៖ ទីផ្សារឥណទានលក្ខណៈបុគ្គលមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមហ៊ុនក្រេឌីតប្យូរ៉ូហៅកាត់ថា CBC បានចេញផ្សាយនៅក្នុងរបាយការណ៍ថា យោងតាមសន្ទស្សន៍ឥណទានលក្ខណៈបុគ្គលក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទំហំទឹកប្រាក់១,៥៩លានដុល្លារបង្ហាញថា ទីផ្សារឥណទានលក្ខណៈបុគ្គលមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់។

នៅក្នុងរបាយការណ៍នោះបានបញ្ជាក់ថា ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល ដែលតំណាងឱ្យចេតនារបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងទម្រង់ជាឥណទានប្រើប្រាស់ផ្ទាល់ខ្លួន បណ្ណឥណទាន ឬកម្ចីអចលនទ្រព្យ មានការកើនឡើង ២០ភាគរយ នៃចំនួនពាក្យស្នើសុំ។ ដំណើរការឥណទានលក្ខណៈបុគ្គល ដែលឆ្លុះបញ្ចាំងពីបរិមាណឥណទានលក្ខណៈបុគ្គលគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ បានបង្ហាញពីទីផ្សារឥណទានដ៏សកម្មមួយហើយក៏មានការកើនឡើងល្អប្រសើរ ដោយចំនួនគណនីឥណទានកើនឡើងចំនួន ៣,២៦ភាគរយ បើធៀបនឹងត្រីមាសទី៤ ក្នុងឆ្នាំ២០២២។

CBC បានឱ្យដឹងថាទៀតថា គុណភាពឥណទានលក្ខណៈបុគ្គល ដែលវាស់ដោយអនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) បានកើនឡើង ៣,២៨ភាគរយ ដែលបង្ហាញថាលទ្ធភាពនៃការប្រើប្រាស់ឥណទាន និងហានិភ័យនៃការខកខានបង់ប្រាក់កម្ចីមានការកើនឡើង ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពន្យល់ថា តាមរយៈរបាយការណ៍នេះ ចំនួនគណនីឥណទានកើនឡើងចំនួន ៣,២៦ភាគរយ ប៉ុន្តែបើគិតជាចំនួនឥណទានវិញ កើនឡើង១,៨២ភាគរយ។

«ការកើនឡើងឥណទាននេះ មិនមែនកើនតែប្រភេទឥណទានផ្ទាល់ខ្លួនប៉ុណ្ណោះ ឥណទាននៅក្នុងវិស័យផ្សេងក៏មានកំណើនដូចគ្នាដែរ ចន្លោះ២ទៅ៤ភាគរយ ក្នុងត្រីមាសទីមួយនេះ។ចំពោះកំណើននៃឥណទានផ្ទាល់ខ្លួននេះ វាមានភាពល្អប្រសើរ ឬវិជ្ជមានក្នុងកម្រិតណា អាស្រ័យទៅលើ ពលរដ្ឋដែលទទួលបានឥណទាននោះ ដោយគាត់យកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍជីវភាពគ្រួសារ ឬយ៉ាងណា?»។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ គិតត្រឹមខែធ្នូឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុ បានផ្តល់ឥណទាន សរុបប្រមាណជាង៤៧ពាន់លានដុល្លារ ដល់ប្រជាពលរដ្ឋជិត៥លាននាក់ នៅក្នុង២៥រាជធានី-ខេត្ត។ នៅក្នុងនោះ ឥណទានជិត ៦០ភាគរយ នៃសមតុល្យឥណទានសរុប នៃរាជធានីខេត្តចំនួនបួន គឺរាជធានីភ្នំពេញ កណ្តាល សៀមរាប និងខេត្តបន្ទាយមានជ័យ ។ រាជធានីភ្នំពេញ មានបរិមាណឥណទានច្រើនជាងគេ ដោយមានចំនួនជាង៨១ទ្រីលានរៀល ស្មើនឹង ៤២ភាគរយ នៃឥណទានសរុបទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបជាង៦១ម៉ឺននាក់។ ចំណែកខេត្តកណ្តាល មានបរិមាណឥណទានសរុបជាង ១១ទ្រីលានរៀល ឬស្មើនឹង៥,៩ភាគរយ និងមានអ្នកខ្ចីសរុបជាង ៣៧ម៉ឺននាក់៕ ដោយ៖ វណ្ណ សុជាតា

ads banner