ឆ្លើយតបការសុំជួបរបស់មេដឹកនាំភ្លើងទៀន៖ សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នាក្រោយការបោះឆ្នោត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកឆ្លើយតបទៅនឹងការស្នុំសុំជួបរបស់មេដឹកនាំគណបក្សភ្លើងទៀនថា អាស្រ័យដោយភាពមិនច្បាស់លាស់ និងដោយជាប់រវល់ផង សូមកំណត់យកម៉ោង៩ ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នាក្រោយការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា៖ “ថ្ងៃនេះជាមួយនឹងសារគំរាមបង្កចលាចលទូរទាំងប្រទេសក្រោមហេតុផលតស៊ូមតិដោយសេចក្តីប្រកាសព័ត៌មានផងនិងដោយការប្រកាសរបស់ រ៉ុង ឈុនផង ខ្ញុំក៏ទទួលបានលិខិតរបស់ប្រធានគណបក្សភ្លើងទៀន សុំជួបសំដែងការគួរសមដែលនាំមកដោយ ជា ប៉ូច”។
សម្តេចតេជោបានចោទសួរថា តើភ្លើងទៀនចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៏ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញការបោះឆ្នោត? ពហិការមិនចូលរួមការបោះឆ្នោត តែទម្លាក់កំហុសឱ្យគ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីស្ថាប័នទាំងពីរ បដិសេដមិនឱ្យចុះឈ្មោបោះឆ្នោត ដែលវាជាកំហុសរបស់គណបក្សផ្ទាល់។
សម្រាប់លិខិតសុំជួបបែរជាប្រើ ជា ប៉ូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំខ្ញុំប្រហែល២ខែមុននេះ។ (សូមស្តាប់សំឡេងជា ប៉ូចដែលបាននិយាយ និងផ្សព្វផ្សាយកន្លងមក)។
ខ្ញុំក៏ចង់បានការពន្យល់ពី ជា ប៉ូចតើរបៀបទម្លាក់ ហ៊ុន សែន ដោយវិធីណា?។ អាស្រ័យដោយភាពមិនច្បាស់លាស់ និងដោយខ្ញុំជាប់រវល់ផងខ្ញុំសូមកំណត់យកម៉ោង៩ ថ្ងៃ៣០ កក្កដា ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នាក្រោយការបោះឆ្នោត៕
ដោយ៖ពលជ័យ