លោក ហ្សេលេនស្គី៖ អ៊ុយក្រែន និងលោកខាងលិចនឹងធ្វើឱ្យរុស្ស៊ីចុះចាញ់គ្មានថ្ងៃងើបរួច

កៀវ៖ ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៣ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានលើកឡើងថា នៅឆ្នាំនេះ ទីក្រុងកៀវ (Kyiv) និងបណ្ដាប្រទេសលោកខាងលិចអា​ចនឹងធ្វើឱ្យរុស្ស៊ីចុះចាញ់ក្នុងសមរភូមិសង្គ្រាមនៅអ៊ុយក្រែនគ្មានថ្ងៃងើបមុខរួច ខណៈដែលលោកក៏បានថ្លែ​ងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ដែលបានផ្ដល់ការគាំទ្រផ្នែកយោធាកន្លងមក។​

មេដឹកនាំអ៊ុយក្រែនរូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលស៍ (Olaf Scholz) នៅទីក្រុងប៊ែកឡាំង (Berlin) ថា ៖ «ទីក្រុងកៀវសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះប្រទេសអាល្លឺម៉ង់ដែលបានគាំទ្រអ៊ុយក្រែនដែលកំពុងត្រូវបានឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី»។​

លោកបានថ្លែងបញ្ជាក់បន្ថែមថាឥឡូវនេះ វាដល់ពេលវេលាហើយដែលយើងត្រូវបញ្ចប់សង្រ្គាម។ យើ​ងនឹងធ្វើឱ្យប្រទេសដែលកំពុងឈ្លានពានគេ បរាជ័យយ៉ាងអាម៉ាស់មុខ និងមិនអាចងើបមុខរួច។​

គួរដឹងដែរថា អ៊ុយក្រែនត្រូវបានគេរំពឹងទុកថានឹងចាប់ផ្តើមបើកប្រតិបត្តិការវាយបកត្រលប់ទៅកាន់រុស្ស៊ី​វិញនៅក្នុងសប្តាហ៍ខាងមុខនេះ ធ្វើយ៉ាងណាដើម្បីព្យាយាមដណ្តើមយកតំបន់ភាគខាងកើត និងភា​គខាងត្បូងរបស់ខ្លួនពីរុស្ស៊ីវិញ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានឈ្លានពានទ្រង់ទ្រាយធំ និងបានចូលកាន់កា​ប់តំបន់ទាំងនោះនៅដើមឆ្នាំ២០២២ កន្លងទៅ។​

លោក ហ្សេលេនស្គី បានឱ្យដឹងថា ទីក្រុងកៀវបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការពិភាក្សាអំពីគំ​និតផ្តួចផ្តើមផ្សេងទៀតជាមួយបណ្ដាប្រទេសផ្សេងទៀត ដើម្បីនាំមកនូវសន្តិភាពដល់ប្រទេសអ៊ុយក្រែន​។ យ៉ាងណាក៏ដោយ លទ្ធផលនៃគំនិតផ្ដួចផ្ដើមបង្កើតដំណោះស្រាយយ៉ាងនោះ គឺអាស្រ័យទៅលើជំហររបស់អ៊ុយក្រែន និងផែនការសន្តិភាពរបស់ប្រទេសមួយនេះផ្ទាល់។​

ជាក់ស្ដែង លោក ហ្សេលេនស្គី បាននិយាយថា  សង្រ្គាមកំពុងកើតឡើងនៅលើទឹកដីនៃប្រទេសរបស់យើង ហេតុដូច្នេះហើយ ផែនការសន្តិភាពណាមួយដែលនឹងបង្កើតឡើងគឺអាស្រ័យទៅលើសំណើរបស់ប្រទេសអ៊ុយក្រែនជាអ្នកស្នើ។​

បន្ថែមលើនេះ ទីក្រុងកៀវក៏បានច្រានចោលរាល់គំនិត ឬផែនការណាមួយសំដៅដល់ការធ្វើសម្បទានដីទៅឱ្យរុស្ស៊ីផងដែរ ហើយក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការទាមទារយកទឹកដីរបស់ខ្លួនទាំងអស់មកវិញទៀតផង។

 ដោយឡែក រុស្ស៊ី​បាន​អះអាង​ថា​ការ​បញ្ចូលតំបន់​ឧបទ្វីបគ្រីមេ (Crimea) និង​តំបន់​អ៊ុយក្រែន​ចំនួន​បួនផ្សេង​ទៀតចូលទៅក្នុងទឹកដីរបស់ខ្លួន គឺជារឿងត្រឹមត្រូវ ហើយថែមទាំងបាន​ហៅ​ថាជា​ទឹកដីរបស់​រុស្ស៊ីទៀតផង៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ ​​Ukraine, West can make Russia’s defeat ‘irreversible’ this year: Zelenskyy

ads banner