អ្នកនាំពាក្យ គ.ជ.ប ៖ គណបក្សភ្លើងទៀនមានពេលប្រាំថ្ងៃប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ
ភ្នំពេញ៖គណបក្សភ្លើងទៀននៅមានពេល ៥ថ្ងៃប្តឹងតវ៉ា ទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលបានលិខិតបដិសេធរបស់គ.ជ.ប សាមីគណបក្សអាចបន្តធ្វើការតវ៉ាប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនឱ្យលើសពីប្រាំថ្ងៃ បន្ទាប់ពីគ.ជ.បចេញលិខិត បដិសេធ ។ក្នុងរយៈពេល១០ថ្ងៃក្រុមប្រឹក្សា ធម្មនុញ្ញ បន្ទាប់ពីទទួលបានបណ្តឹង ត្រូវឆ្លើយតបទៅសាមីគណបក្សនោះវិញ។នេះជាប្រសាសន៍ឯកឧត្តម ហង្ស ពុទ្ធា សមា ជិកគ.ជ.បនិងជាអ្នកនាំពាក្យកាលពីយប់ថ្ងៃទី១៥ខែឧសភាបន្ទាប់ពីវិលត្រឡប់មកពីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅប្រទេសថៃ។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ទៀតថា៖ “គ.ជ.ប ត្រូវអនុវត្តទៅតាមច្បាប់ជាធរមានគ.ជ.ប មិនវង្វេងទេ ។នៅពេលដែលមិនទទួលបានឯកសារត្រឹមត្រូវគ្រប់ជ្រុងជ្រោយ គឺគ.ជ.ប បដិសេធ “។អ្នកនាំពាក្យគ.ជ.បបន្តថាច្បាប់អត់មានចែងថាការបោះឆ្នោតមួយប្រព្រឹត្តទៅលុះត្រាតែមានគណបក្សនេះ គណបក្សនោះចូលរួមទេ ។អវត្តមានគណបក្សណាមួយមិនប៉ះពាល់ដល់ដំណើរបោះឆ្នោតទេ។អាចនឹងមានគណបក្សនយោបាយចំនួនតែ១៩ប៉ុណ្ណោះដែលគ.ជ.បទទួលស្គាល់អនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៧ នា ថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣។
លោកហង្សពុទ្ធា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅមានភាពសេរី ត្រឹមត្រូវ ផ្អែកទៅលើច្បាប់និងបទប្បញ្ញត្តិដែលមានជា ធរមាន ហើយភាគីពាក់ព័ន្ធទាំងអស់ ទាំងគណបក្សនយោបាយ នឹងទទួលយកបាននូវការរៀបចំចាត់ចែងរៀបចំការបោះ ឆ្នោតរបស់គ.ជ.ប។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀប ចំការបោះ ឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនដែលមាន២៥ មណ្ឌលរាជធានី- ខេត្ត។
ការបដិសេធនេះ ត្រូវបាន គ.ជ.ប អះអាងថា ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី- ខេត្ត- ក្រុង- ស្រុក- ខណ្ឌ នៅ ការិយាល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕ដោយ៖ពលជ័យ
