សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញពីមោទនភាពដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ និងអនុវត្តបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានសម្តែងមោទនភាពយ៉ាងខ្លាំងខណៈដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ អនុវត្តបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ ដែលនឹងបិទបញ្ចប់ព្រឹត្តិការណ៍នេះនៅថ្ងៃទី១៧ ខែឧសភា ស្អែកនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ យើងវាយតម្លៃថា ការចាត់ចែងប្រកួតកីឡាស៊ីហ្គេមលើកនេះ បានជោគជ័យយ៉ាងធំធេងបំផុត ជាពិសេសកីឡាទាំងអស់សុទ្ធតែសប្បាយរីករាយ ទោះបីជាបានចំណាត់ថ្នាក់ទាបក៏នៅតែសប្បាយរីករាយ។ នេះគឺជាជោគជ័យលើសពីការរំពឹងទុករបស់គណៈកម្មាធិការស៊ីហ្គេម ទទួលបានចំណាត់ថ្នាក់ទី៤ កីឡាករ កីឡាការនី នៅរបស់យើងទទួលបានមេដាយគ្រប់វិញ្ញាសារប្រកួត។

សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋដែលចង់មកចូលរួមទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមមានចំនួនជាងកន្លះលាននាក់ ប៉ុន្តែពហុកីឡដ្ឋានមរតកតេជោ អាចផ្ទុកមនុស្ស បានតែចំនួនពី៥ទៅ៦ម៉ឺននាក់។ ជាមួយគ្នានេះ សម្តេចពិជ័យ ទៀ បាញ់ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមតាមដានទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមតាមស្លាយបានផ្សាយបន្ត។ កន្លែងនេះមកដល់ម៉ោងនេះ គឺរៀបចំពេញអស់ហើយ យើងសុំអធ្យាស្រ័យ ចំពោះបញ្ហានេះ ដើម្បីធនាបាននូវសុវត្ថិភាពជាចម្បង ដែលជាការរួមចំណែកទទួលខុសត្រូវទាំងអស់គ្នា។

សម្តេចពិជ័យ ទៀ បាញ់ បានមានប្រសាសន៍បន្តថា មកដល់ពេលនេះយើងបើកទូលាយដល់កីឡាករ កីឡាការិនី បរទេសដែលចង់ទៅទស្សនាប្រាសាទអង្គរវត្ត ដោយអនុវត្តប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃខានស្អែក នឹងមានកីឡាករ នៃប្រទេសមួយចំនួនវិលត្រឡប់ទៅប្រទេសរបស់គេវិញ ហើយនឹងមានកីឡាករប្រទេសមួយចំនួនទៅទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ផ្តល់សំបុត្រចូលទស្សនាមិនគិតថ្លៃ៕
ដោយ៖ពលជ័យ

ads banner