ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា ចំណេះដឹងជាអំណាច។ សម្រាប់បុគ្គលម្នាក់ៗ ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង ហើយក៏ជាមូលដ្ឋានក្នុងការបន្តកសាងអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀត ទាំងតាមការចាប់យកជំនាញថ្មី (Reskilling) និងការធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗកាន់តែប្រសើរ ជាពិសេសការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាបទពិសោធន៍ផ្ទាល់ខ្លួន យើងគួរកត់សម្គាល់ថា ជោគជ័យធំក្នុងគ្រប់កិច្ចការ គឺកើតពីការរួមផ្សំនៃជោគជ័យតូចៗជាច្រើនវេញបញ្ចូលគ្នា។ ជាក់ស្តែង ភាពជោគជ័យនៃការសិក្សានៅកម្រិតឧត្តមសិក្សា បានកើតចេញពីការបូកឡើងជាលំដាប់នៃជោគជ័យនៅខាងក្រោម ចាប់តាំងពីថ្នាក់បឋមសិក្សា និងមធ្យមសិក្សាទាំងពីរកម្រិតជាបន្តបន្ទាប់។ ដើម្បីទទួលបានជោគជ័យទាំងតូចទាំងធំ យើងចាំបាច់ត្រូវ ប្រកាន់នូវទម្លាប់វិជ្ជមាន ដោយខិតខំបំពេញរាល់ភារកិច្ចឱ្យមានប្រសិទ្ធភាព រស់រវើក ហ្មត់ចត់, លឿនរហ័ស និងល្អជាប់ជាប្រចាំ ព្រមជាមួយនឹងផ្នត់គំនិតនៃការដាក់ខ្លួនឱ្យទាបសាមញ្ញ ដោយទទួលយកការរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញ ដូចទៅនឹងលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ ដែលតែងរក្សាបាននូវភាពធនរឹងមាំក្នុងគ្រប់ស្ថានការណ៍ ហើយតស៊ូប្រឹងប្រែងលូតលាស់ក្នុងគ្រប់ឧបសគ្គដោយមិនបោះបង់។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមឱ្យនិស្សិតទាំងអស់ បន្តខិតខំរៀនសូត្រដោយមិនឈប់ឈរពេញមួយជីវិត ទាំងការដុសខាត់ជំនាញ ឬការចាប់យកជំនាញថ្មីៗ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការនៃទីផ្សារពលកម្ម ជាពិសេស ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤នេះ ដែលនឹងនាំមកនូវកាលានុវត្តភាពសម្រាប់កំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner