ការវិនិយោគរបស់បរទេសនៅហ្វីលីពីន កើនឡើងដល់៣ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣
ម៉ានីល៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) នៅថ្ងៃទី១៦ ខែឧសភា បានឱ្យដឹងថា ការវិនិយោគរបស់បរទេសសរុប ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលហ្វីលីពីន បានកើនឡើងដល់១៧២.៧០ពាន់លានប៉េសូ ឬប្រហែល៣ពាន់លានដុល្លារ ក្នុងត្រីមាសទី១នៃឆ្នាំនេះ ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានត្រឹមតែ៨.៩៨ពាន់លានប៉េសូ ឬប្រហែល១៥៩.៩លានដុល្លារ។
ទីភ្នាក់ងារស្ថិតិហ្វីលីពីនបាននិយាយថា ការប្តេជ្ញាចិត្តវិនិយោគរបស់បរទេសនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ភាគច្រើនមកពីប្រទេសអាល្លឺម៉ង់៩០.៩ភាគរយ បន្ទាប់មកជប៉ុន២.២ភាគរយ និងហូឡង់១.៥ភាគរយ។
បើតាមទីភ្នាក់ងារដដែលនេះ អាល្លឺម៉ង់បានសន្យាបោះទុនវិនិយោគ១៥៦.៩៦ពាន់លានប៉េសូ ឬប្រហែល២.៨០ពាន់លានដុល្លារ, ជប៉ុន៣.៨២ពាន់លានប៉េសូ ឬប្រហែល៦៨លានដុល្លារ, ហូឡង់២.៦៥ពាន់លានប៉េសូ ឬប្រហែល៤៧.២លានដុល្លារ។
ជាមួយគ្នានេះ ការផ្គត់ផ្គង់ថាមពលអគ្គិសនី ឧស្ម័ន ចំហាយទឹក និងម៉ាស៊ីនត្រជាក់ បានទទួលកិច្ចសន្យាខ្ពស់បំផុត ឬ៩០.៩ភាគរយនៃការវិនិយោគរបស់បរទេសសរុប។
អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា ការវិនិយោគសរុបដែលត្រូវបានអនុម័តរបស់ជនបរទេស និងជនជាតិហ្វីលីពីនបានឈានដល់៤៨០.៣៦ពាន់លានប៉េសូ ឬប្រហែល ៨.៥៥ពាន់លានដុល្លារនៅត្រីមាសទីមួយ ឆ្នាំ២០២៣ ពោលគឺខ្ពស់ជាង១៥១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសការងារដល់មនុស្សប្រមាណ២៥.៤៥៣នាក់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

