លោក ហ៊ុន កុសល៖ សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំប្រជាជាតិខ្មែរទៅរកមោទនភាពយ៉ាងក្រៃលែងនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ លោក ហ៊ុន កុសល មន្ត្រីអតីតគណបក្សប្រឆាំងបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា “ជារឿងដ៏គួរសោកស្តាយបំផុតមួយក្នុងនៅក្នុងជីវិតរបស់ខ្ញុំ គឺធ្លាប់ជំទាស់ទៅនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរអង្គរ ជាពន្ធុពង្សអ្នកបង្កើត និងការពារប្រទេសជាតិយើង។ ទោះជាប្រវត្តិសាស្រ្តជាតិខ្មែរបានដាច់គ្នាជាច្រើនសម័យកាលក៏ដោយ ប៉ុន្តែពន្ធុពង្ស ឬឈាមជ័រអ្នកបង្កើតប្រទេសរបស់ខ្មែរបានបន្តភ្ជាប់រហូតមក។ អ្នកច្រណែនប្រាកដជាមិនសប្បាយចិត្តនៅពេលយើងនិយាយថា «កូនប្រុសក្រោមពន្លឺព្រះចន្ទ» គឺសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែយើងមិនបានបរិយាយតម្រូវចិត្តនិន្ទាអ្នកច្រណែនឈ្នានីសទេ។ យើងនិយាយអ្វីជាកំណត់ត្រាប្រវត្តិសាស្រ្តដែលប្រជាជនខ្មែរកំពុងលើកតម្កើង និងស្ញប់ស្ញែងតែប៉ុណ្ណោះ។ កិត្តិយស ភាពថ្លៃថ្នូរ ចិត្តប្រកបដោយព្រហ្មវិហារធម៌ មរតកជាតិ សមិទ្ធផលរបស់ជាតិកំពុងលូតលាស់បច្ចុប្បន្ន គឺសក្តិសមបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន ជាកលបុត្រខ្មែរអង្គរដែលប្រសូត្រឡើងក្រោមពន្លឺព្រះចន្ទយ៉ាងចិញ្ចែញចិញ្ចាចបានផ្តល់នូវភាពសុខដុម និងសោមនស្សចិត្តដល់ជនប្រុសស្រីទាំងឡាយនៅក្នុងនគរ។”

លោក ហ៊ុន កុសល បានបន្តថា “ខ្ញុំមានសេចក្តីរំជួលចិត្តយ៉ាងក្រៃលែងចាប់តាំងពីថ្ងៃដែលខ្ញុំបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ និងចាប់តាំងពីថ្ងៃដែលខ្លួនខ្ញុំបានចូលរួមទស្សនាថ្ងៃបើកស៊ីហ្គែម (Sea Game2023) ថ្ងៃទី០៥ ខែឧសភា ហើយនឹងចូលរួមទស្សនាពិធីបិទស៊ីហ្គែមជាផ្លូវការណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ Sea Game កម្ពុជាឆ្នាំ២០២៣ បានផ្តិតជាប់យ៉ាងជ្រៅនៅក្នុងចក្ខុ និងបេះដូងរបស់ប្រជាជាតិខ្មែររួចហើយ ខ្ញុំមិនបាច់បរិយាយច្រើនទេ ព្រោះបងប្អូនជនរួមជាតិខ្មែរបានឃើញដោយផ្ទាល់ និងកោតសរសើរគ្រប់ៗគ្នារួចហើយ។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជាមួយនេះ បងប្អូនជនរួមជាតិគ្រាន់តែដឹងថា «ប្រវត្តិសាស្រ្តដ៏អស្ចារ្យនេះបានខាំផ្អោបជាប់យ៉ាងណែនដូចគ្នាទៅនឹងការខាំផ្អោបជាប់គ្នានៃសិលាអង្គរ គឺខាំផ្អោបយ៉ាងណែនជាមួយប្រាជ្ញាញាណអមដោយចក្ខុវិស័យដ៏វែងឆ្ងាយបំផុតសម្រាប់ជាតិខ្មែររបស់សម្តេចតេជោ ហ៊ុន សែន»។

ប្រវត្តិសាស្រ្តដ៏កក្រើកនេះ ជាបច្ច័យដ៏មានតម្លៃបំផុត និងជាចំណែកដ៏ធំបំផុតដើម្បីលុបបំបាត់ប្រវត្តិសាស្រ្តវាលពិឃាតដែលជាស្លាកស្នាមប្រវត្តិសាស្រ្តឈឺចាប់របស់ជាតិខ្មែរ។ ពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនៈល្អៗមកលើកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងខ្លាំង។ កាសែតអន្តរជាតិធំៗយ៉ាងច្រើនកុះករបានចុះផ្សាយពីកម្ពុជា និងSea Game2023កម្ពុជា។ ទាំងនេះមិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាជាប្លង់មេដឹកនាំប្រទេសដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាបាលកម្ពុជា”៕
ដោយ៖ពលជ័យ

