ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានថែរក្សា ការពារ និងគោរពប្រតិបត្តិតាមជានិច្ចនូវបាវចនារបស់ប្រទេស គឺ ជាតិ សាសនា ព្រះមហាក្សត្រ៖ ទី១)ការពារជាតិ និងប្រជាជន គឺបានការពារបូរណភាពទឹកដី ព្រមជាមួយនឹងការថែរក្សាមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាការការពារអាយុជីវិតប្រជាជនឱ្យរួចផុតពីរបបប៉ុល ពត និងបង្រួបបង្រួមជាតិខ្មែរឱ្យជួបជុំក្រោមដំបូងរដ្ឋធម្មនុញ្ញតែមួយ ហើយពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ទី២)ការពារសាសនា គឺបានចាប់ដំណើរការឡើងវិញនូវត្តអារាម និងបើសិទ្ធសេរីភាពផ្នែកជំនឿជូនប្រជាពលរដ្ឋ បន្ទាប់ពីរំដោះប្រទេសក្នុងឆ្នាំ១៩៧៩ រហូតសព្វថ្ងៃមានវត្តប្រមាណជាង៥ពាន់វត្ត និងព្រះសង្ឃជាង៧ម៉ឺនអង្គ និងទី៣)ការពាររបបរាជានិយម និងព្រះមហាក្សត្រ ដោយបានជ្រោង និងបង្កើតឡើងវិញនូវរបបរាជានិយមបន្ទាប់ពីត្រូវបានរបបលន់ នល់ និងរបបប៉ុល ពត បានលុបបំបាត់ចោល។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់នូវការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍ និងមូលដ្ឋានគ្រឹះសម្រាប់ការសង្គ្រោះជីវិតប្រជាជនពីរណ្តៅមរណៈ ជាអាទិ៍៖ ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប៉ុល ពត, ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ដោយស្រវាសន្តិភាព និងមិនយកខ្មែរណាជាសត្រូវ ហើយអាចរស់នៅជាមួយគ្នាបានក្រោមទង់ជាតិតែមួយ រាជរដ្ឋាភិបាលតែមួយ និងការដឹកនាំ ដោយជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលសម្លាប់ប្រជាជនខ្មែររាប់ពាន់នាក់ និងនៅទូទាំងសាកលលោករាប់លាននាក់ តាមរយៈការដាក់ចេញនូវយន្តការដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ជាពិសេសយុទ្ធនាការនៃការចាក់ស្រោចវ៉ាក់សាំងបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលជាការជួយសង្គ្រោះអាយុជីវិតប្រជាជនម្តងទៀតក្នុងសម័យទំនើប ឱ្យរួចចេញពីមច្ចុរាជជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សាសនា គឺបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការអប់រំសីលធម៌ គុណធម៌ និងការរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ អធ្យាស្រ័យគ្នាខ្ពស់ និងពិសេសរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ នៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជា រួមទាំងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីផ្ទាល់ គឺទីវត្តអារាមជាគ្រឹះស្ថានបណ្តុះបណ្តាលដ៏មានឥទ្ធិពល និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សសម្រាប់បម្រើជាតិ និងសង្គម។ ការអប់រំផ្នែកពុទ្ធសាសនា គឺបានជួយដល់កុលបុត្រ កុលធីតា ឱ្យក្លាយជាធនធានមនុស្សពោរពេញដោយសីលធម៌ គុណធម៌ និងសមត្ថភាពពិតប្រាកដ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួន គ្រួសារ និងឈានទៅជួយដល់ការរីកចម្រើនរបស់សង្គមជាតិ ហើយក៏ជាប្រភពនៃឧត្តមភាព និងកិត្យានុភាពជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត









