លោក កែត ឃី ប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក កែត ឃី សមាជិកមាជិកអចិន្ត្រៃយ៍ និងជាប្រធានក្រុមប្រឹក្សាវាយតម្លៃ និងវិន័យ នៃគណបក្សភ្លើងទៀន និងជាអនុប្រធានក្រុមការងារខេត្តកំពង់ស្ពឺ នៃគណបក្សភ្លើងទៀន បានដាក់ប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតប្រកាសលាឈប់របស់លោក កែត ឃី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ។

យោងតាមលិខិតរបស់លោក កែត ឃី បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា «ខ្ញុំបាទ បានសម្រេចចិត្តលាលែងចេញពីសមាជិកភាព នៃគណបក្សភ្លើងទៀន និងលាឈប់ពីគ្រប់មុខតំណែងទាំងអស់នៅក្នុងគណបក្សនេះ ដោយសារតែ ការដឹកនាំផ្ទៃក្នុងគណបក្សនេះមានភាពរញ៉េរញ៉ែ គ្មានសណ្តាប់ធ្នាប់ អសមត្ថភាព មិនចុះសម្រុងគ្នា»។ ជាមួយគ្នានេះកន្លងមក ខ្ញុំបាទតែងតែបានតាមដានយ៉ាងយកចិត្តទុកដាក់នូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការដឹកនាំការបង្រួបង្រួមផ្សះផ្សាជាតិនាំមកនូវសុខសន្តិភាព ឯករាជ្យភាពជាតិពេញបរិបូរណ៍។ មិនតែប៉ុណ្ណោះ សម្ដេចតេជោ បានផ្សារភ្ជាប់ជាមួយគណបក្សប្រជាជន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសជោគជ័យនៅក្នុងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ជូនប្រជាជនកម្ពុជា…។ កត្តាទាំងអស់នេះហើយដែល បានជំរុញឱ្យខ្ញុំបាទមានជំនឿលើការដឹកនាំរបស់សម្តេចតេជោ នៅថ្ងៃនេះ ក៏ដូចជាទៅថ្ងៃអនាគត។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទសូមសម្តេចអគ្គមហាសេនាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាពិនិត្យ និងសម្រេចអនុញ្ញាតឱ្យខ្ញុំបាទបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយឥតលក្ខខណ្ឌ ដើម្បីរួមកម្លាំងជាមួយសម្ដេចក្នុងការការពារសន្តិភាពឱ្យបានគង់វង្ស និងកសាងប្រទេសឱ្យបានកាន់តែរីកចម្រើនថែមទៀតទៅថ្ងៃអនាគត ដោយក្តីអនុគ្រោះ”។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសូមស្វាគមន៍ឯកឧត្តម កើត ឃី អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង និងជាមេធាវីដែលបានសូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ

ads banner