នាយករដ្ឋមន្ត្រីវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូល G7 នៅជប៉ុន
ហ៊ីរ៉ូស៊ីម៉ា៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានទៅដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុនហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន វីអិន អ៊ីចស្រ្ពេស (VNexpress) បានឲ្យដឹងថា នេះគឺលើកទីបីហើយដែលវៀតណាមចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក ហៅកាត់ថា G7 និងជាលើកទីពីរ ក្នុងការចូលរួមកិច្ចប្រជុំបែបនេះ តបតាមការអញ្ជើញរបស់ប្រទេសជប៉ុន។
ប្រភពបន្តថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល នៅឆ្នាំនេះ ហើយប្រទេសមួយទៀត គឺឥណ្ឌូនេស៊ី នេះបើតាមការរាយការណ៍របស់ក្រសួងការបរទេសវៀតណាម កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។
កិច្ចប្រជុំកំពូលដែលបន្ថែមពេលវេលានេះត្រូវប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ដល់ ២១ ខែឧសភា ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូល G7 ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
ផ្អែកតាមប្រភពដដែល កិច្ចប្រជុំកំពូលនេះត្រូវបានគេរំពឹងថា នឹងពិភាក្សាលើប្រធានបទទាក់ទងនឹងដំណោះស្រាយវិបត្តិអាកាសធាតុ ថាមពល បរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ វៀតណាម និងជប៉ុនក៏នឹងប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រជាជាតិទាំងពីរនៅឆ្នាំនេះទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


