ក្រសួងរៀបចំដែនដី បង្កើតក្រុមការងារសម្របសម្រួលដល់ពលរដ្ឋចេញពីតំបន់អង្គរ

អត្ថបទដោយ៖
CPA

សៀមរាប៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារសម្របសម្រួល ការចាកចេញរបស់ពលរដ្ឋពីតំបន់រមណីយដ្ឋានអង្គរ និងការតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកនិងតំបន់អភិវឌ្ឍន៍ពាក់ស្នែង។

សេចក្តីសម្រេចដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ចុះថ្ងៃទី ១៨ ខែឧសភា មាន៥ប្រការ ដែលក្នុងនោះមានសមាសភាពក្រុមដឹកនាំ ក្រុមគាំទ្រ និងបានបែងចែកទៅតាមតួនាទី។

នៅក្នុងប្រការ ១ បានបង្កើតក្រុមការងារសម្របសម្រួលការចាកចេញរបស់ពលរដ្ឋពីរមណីយដ្ឋានអង្គរ បានកំណត់តួនាទីភារកិច្ចឱ្យក្រុមនេះ សម្របសម្រួលប្រជាពលរដ្ឋដែលបានកំណត់មុខសញ្ញារួច ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ។ ចំណែកឯប្រការ ២ បង្កើតក្រុមការងារសម្របសម្រួលការតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក មានតួនាទីភារកិច្ច សម្របសម្រួលប្រជាពលរដ្ឋដែលបានកំណត់មុខសញ្ញារួច ឱ្យរៀបចំតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក។

រីឯប្រការ៣ បង្កើតក្រុមការងារសម្របសម្រួលការតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង មានតួនាទីភារកិច្ច សម្របសម្រួលប្រជាពលរដ្ឋដែលបានកំណត់មុខសញ្ញារួច ឱ្យរៀបចំតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង។

ក្នុងសេចក្ដីសម្រេចទាំង ៣ប្រការខាងលើនេះសុទ្ធតែតម្រូវឱ្យមានការផ្ដល់របាយការណ៍អំពីវឌ្ឍនភាពការងារជាប្រចាំទៅកាន់ក្រុមការងារបច្ចេកទេស ដើម្បីបូកសរុបនិងធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំក្រសួង និងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់របស់ថ្នាក់ដឹកនាំក្រសួង។

ដោយឡែកប្រការទី៤ បានបញ្ជាក់ថា អ្នកដែលមានតួនាទីដែលត្រូវបានកំណត់ក្នុងសេចក្ដីសម្រេចនេះ អាចប្រើប្រាស់មន្ត្រីក្រោមឱវាទឱ្យជួយការងារតាមការចាំបាច់។
ជាមួយគ្នានេះដែរ ប្រការ៥ បានកំណត់ថា៖«នាយកខុទ្ទកាល័យ គ្រប់អគ្គនាយក អគ្គាធិការ គ្រប់ប្រធាននាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធ និងសារមីខ្លួនដូចបានរាយនាមនៅក្នុងប្រការទី ១ ប្រការទី២ និងប្រការទី៣ ត្រូវទទួលបន្ទុកអនុវត្តតាមសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។

បើតាមសេចក្តីសម្រេចនេះ ក្រុមការងារសម្របសម្រួលមានជាង ១០០នាក់ ដែលនៅក្នុងមួយក្រុមៗមានប្រធាន អនុប្រធាន និងសមាជិក។

គួររំឮកថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការ ចុះវាស់វែង កំណត់និយាមកាក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដោយមានមន្ត្រីពាក់ព័ន្ធចូលរួមសរុបជាង៧០០នាក់។ ជាមួយយុទ្ធនាការនេះ មានប្រជាពលរដ្ឋដែលបានរស់នៅតំបន់ខុសច្បាប់នេះបានស្ម័គ្រចិត្តចាកចេញជាបន្តបន្ទាប់៕ ដោយ៖ ទិត្យ រានុពិចិត្រ

ads banner