ថ្ងៃ២០ ឧសភា ប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំមិនភ្លេចនូវសោកនាដកម្ម ក្នុងសម័យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ
ខេត្តព្រៃវែង ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពួន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាឲ្យបាននូវសុខសន្តិភាពដែលកំពុងមានក្នុងពេលបច្ចុប្បន្ន និងបន្តរក្សាក្នុងពេលអនាគត់ដើម្បីចៀសផុតការវិលត្រឡប់ទៅរកអតីតកាលដូចថ្ងៃទី២០ ឧសភា ឆ្នាំ១៩៧៥ ដែលជាថ្ងៃសម្លាប់រង្គាលអាយុជីវិតប្រជាពលរដ្ឋកម្ពុជាស្ទើគ្មានសល់ និងជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបាន និងចាត់ទុកថ្ងៃទី២០ ឧសភា ជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធដល់បុព្វបុរស និងប្រជាពលរដ្ឋកម្ពុជាដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។

ការលើកឡើងរបស់ឯកឧត្តម ឃឹង សារ៉ាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពួន តំណាងឯកឧត្តម សន្តិបណ្ឌិត នេត សារឿន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្ច្រៀច បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានប្រារព្ធពិធី ទិវាជាតិ នៃការចង់ចាំ ២០ ឧសភា ឆ្នាំ១៩៧៥-២០ ឧសភា ឆ្នាំ២០២៣ ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១២០ ក្នុងឃុំថ្មពួន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម ឃឹង សារ៉ាត់ មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុបបានដឹង យល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលខ្មែរបានឆ្លងកាត់ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វគ្មានពេលសម្រាក ពេលគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន១២០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០.០០០រៀល(ពីរម៉ឺនរៀល) បន្ថែមថវិកាឧបត្ថម្ភជួសជុលអាគារ ៦០១ដុល្លារ និងកសាងសាលប្រជុំគណបក្សឃុំថ្មពួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នេត សាវឿន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្ច្រៀច រួចរាល់ជាស្ថាពរ ១០០ភាគរយ ៕ ដោយ-រ៉ាវុធ

