សម្តេចតេជោ ហ៊ុន សែន មិនទទួលយកការសុំទោសរបស់លោក ជា ប៉ូច និងឱ្យមេធាវីរបស់ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់

ភ្នំពែញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា “រឿង ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំង ជា ប៉ូច សរសេរលិខិតមកសុំទោសខ្ញុំកាលពីថ្ងៃ១៥ ឧសភា ២០២៣។ ទាំងសារសម្លេង ជា ប៉ូច ទាំងលិខិត ជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ ហ៊ុន សែន ឱ្យបាន។ ប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការពន្យល់ របស់ ប៉ូច ក្នុងលិខិតថ្ងៃ១៥ ឧសភា ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះខុសគ្នាតែមានគោលដៅទម្លាក់ឬផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាត ឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។ ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែប៉ូច និងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។”

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំមិនទទួលយកការសុំទោសនោះឡើយ ប៉ូច គិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួន និងក្រុមគ្រួសារ ឬសុខចិត្តសែងខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់។ នៅមានរឿងដែលអាក្រក់មួយទៀតដែល មនុស្សក្នុងបក្សរៀបចំឡើងជាលិខិតបដិសេធលើការផ្សាយរបស់ហ្វ្រេសញូវ Freshnews ដែលដាក់ថ្ងៃ១៤ ឧសភា ២០២៣ ដើម្បីឲ្យជា ប៉ូច ចុះហត្ថលេខា។ យោងតាមពង្រាងលិខិតនេះ គេមានគោលបំណងវាយប្រហារលើអង្គភាព Freshnews និងរក្សាកិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។ តាមព័ត៌មានដែលយើងទទួលបានលិខិតនេះត្រូវបានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោក សេង ម៉ាឌី ធ្វើការពន្យល់។ ខ្ញុំសុំមេធាវីរបស់ខ្ញុំត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណីទាំងករណី ជា ប៉ូច ទាំងករណីលិខិតបដិសេធតែត្រូវរង់ចាំរហូតថ្ងៃ៣០ ឧសភា ២០២៣ ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្តនិងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ សូមភ្ជាប់ជូនសំដី ជា ប៉ូច លិខិតជា ប៉ូច និងលិខិតបដិសេធ”៕
ដោយ៖ពលជ័យ

ads banner