សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញសម្ពោធ ដាក់ ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ
ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការ និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញការងារបាន យ៉ាងល្អប្រសើរ ។ តែយើងត្រូវតែធ្វើអោយកាន់តែល្អថែមទៀត និងបន្តរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាមួយនិងការបន្តការផ្តល់ សេវាជូនប្រជាពលរដ្ឋអោយកាន់តែលឿន និងទាន់ចិត្ត។
ការបញ្ជាក់ បែបនេះរបស់សម្ដេចវិបុលសេនាភក្តីខាងលើនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថាដោយពិបាកបំពេញការងារ ក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ បានផ្តួចផ្ដើមកសាងអគាររដ្ឋបាលថ្មី ក្នុងបរិវេណទីស្នាក់ការគណបក្ស សង្កាត់នេះឡើងវិញ។ អគាររដ្ឋបាលថ្មីនេះ មានទំហំ ១៤,៣៥ម៉ែត្រ គុណនឹង ៣៦ម៉ែត្រ និងមានកម្ពស់ ២ ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយចំណាយថវិកាសាងសង់អស់ចំនួន ២៥៣.៧៧៨ (ម្ភៃប្រាំម៉ឺន បីពាន់ប្រាំពីរយចិតសិបប្រាំបួនដុល្លាអាមេរិក) និងបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសនោះបានសម្តែងនូវការកោតសរសើរ ចំពោះប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្ពានថ្ម និងសមាជិក សមាជិកាទាំងអស់ ដែលបានរួមគ្នាក្នុងការកសាង អគាររដ្ឋបាលថ្មីដ៏ធំទំនើបក្នុងបរិវេណទីស្នាក់ការគណបក្ស សង្កាត់ស្ពានថ្មខាងលើនេះ ដែលស្នាក់ការនេះស័ក្កសមនិងកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជារបស់យើង។
សម្ដេចវិបុលសេនាភក្តី បានបន្តទៀតថា ២០ឆ្នាំចុងក្រោយនេះប្រទេស កម្ពុជាមានការអភិវឌ្ឍខ្លាំងណាស់ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងស្រុកនិងនៅក្រៅស្រុក ពួកគាត់សុទ្ធតែនឹកស្មានមិនដល់ ថាកម្ពុជាយើងបានដើរមកដល់ចំណុដូចសព្វថ្ងៃនេះឡើយ។ ប្រជាពលរដ្ឋធ្វើស្រែ ចំការ បានធ្វើទំនើបកម្មលើមុខរបររបស់ ខ្លួនទាំងមិនដឹងខ្លួនឬត្រៀម ទុកជាមុន ពោលគឺកម្លាំងពលកម្មនៃការធ្វើស្រែចំការនេះ លេងប្រើគោ ក្របីដូចមុនទៀតហើយ ដោយបែរមកប្រើគ្រឿងចក្រ និងបច្ចេកវិទ្យាជំនួសវិញ។
សម្ដេចវិបុលសេនាភក្តី បានបន្ថែមទៀតថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា យើងបានបំពេញការងារល្អប្រសើរហើយ តែសម្រាប់ទិសដៅទៅមុខ យើងត្រូវតែធ្វើអោយកាន់តែល្អថែមទៀត ។ បន្ត ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។បន្តការផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានលឿន និងទាន់ចិត្ត៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ




















