ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ យើងមានសន្តិភាព ទើបយើងអាចគោរពប្រតិបត្តិព្រះពុទ្ធសាសនាបាន

ខេត្តតាកែវ ៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើថា បច្ចុប្បន្ននេះ យើងទៅណាក៏ដោយ តែងតែលឺ និងឃើញពាក្យស្លោក អរគុណសន្តិភាព ។ ឯកឧត្តម បញ្ចាក់បន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកនាំមកនូវសន្តិភាព ជូនប្រជាជន និងប្រទេសកម្ពុជា ទាំងមូល។ មានសន្តិភាព ទើបយើងអាចប្រារព្ធពិធីពុទ្ធសាសនាបាន យើងមានវត្តអារាម មានការអភិវឌ្ឍន៍នៅលើគ្រប់ផ្នែកទាំងអស់ មានជីវិត រស់នៅថ្លៃថ្នូរ។
ការលើកឡើងនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការគណបក្សចុះមូលដ្ឋានស្រុកបាទី អញ្ជើញរួមក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី និងបំពាក់មេដាយប្រគេនព្រះវិន័យធម្មធារ៍ សុខ គឹមឆុន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យអនុគណស្រុកបាទី និងជាព្រះចៅអធិការវត្តអង្គរុន ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ក្រោមការនិមន្តយាង អញ្ជើញរបស់សម្តេចព្រះពោធិវ័ង្ស កិត្តិឧទ្ទេសបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឈនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពី លោកយាយ លោកតា មា មីង បងប្អូន សរុបប្រមាណ ១០១៤ អង្គ/នាក់។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកឡើងបន្តថា នៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) ៣ឆ្នាំ៨ខែនិង២០ថ្ងៃ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់អស់ជាង ៣លាននាក់ ហើយវិស័យសាសនា ត្រូវបានរលត់សូន្យឈឹង។ មានសន្តិភាព ទើបយើងអាចនិយាយពីសេចក្តីថ្នូរដល់ប្រជាពលរដ្ឋ ខណៈដែលសម័យសង្រ្គាម នៅពេលដែលគេនិយាយពីប្រទេសកម្ពុជា គេតែងតែនិយាយថាខ្មែរសាហាវណាស់ កាប់សំលាប់គ្នា គេមើលងាយប្រទេស និងប្រជាជន។ ប៉ុន្តែបច្ចុប្បន្ននេះ យើងមានមោទនភាព ថាយើងជាខ្មែរ ប្រជាជនប្រទេសដ៏ទៃបានកោតសរសើរ ថាខ្មែរមានប្រសាទបុរាណ ដែលជាអច្ចរិយវត្ថុ ដែលជាសម្បត្តិវត្ថុពិភពលោក របស់មនុស្សជាតិ ។ បើនិយាយពីខ្មែរ គេតែងតែលើកឡើងថា កម្ពុជា មានមេដឹកនាំល្អ គឺសម្តេចតេជោ ហ៊ុន សែន ។សម្តេចបានដឹកនាំប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ ដោយនៅក្នុងចំណោមប្រទេស១០ នៃប្រទេសជាង២០០ នៅលើពិភពលោក ដែលបានប្រយុទ្ធជាមួយនិងជំងឺនេះ បានទទួលជោគជ័យ ដែលនោះហើយគឺជាជោគជ័យដ៏ធំរបស់កម្ពុជា ដោយទទួលស្គាល់នៅលើឆាកអន្តរជាតិ ។បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានលើកឡើងពីជោគជ័យដ៏ធំ ទៅលើការទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រគួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា យើងរងចាំអស់រយៈពេល៦៤ ឆ្នាំមកហើយ ដោយយើងបានរៀបចំបានយ៉ាងល្អ ទទួលបានភាពល្បីល្បាញទូទាំងសកលលោក ពីព្រឹត្តិការណ៍មួយនេះ វាបានបង្ហាញពីមោទនាភាពជាតិរបស់យើង ដែលបរទេសកោតសរសើរពីបរទេស ដែលទាំងនេះគឺបានមកពីសន្តិភាពទាំងអស់។
ជាមួយគ្នានោះ សម្តេចព្រះពោធិវ័ង្ស កិត្តិឧទ្ទេសបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឈនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះកោតសរសើរនិងឱវាទផ្តាំផ្ញើ ដល់ព្រះចៅអធិការវត្តអង្គរុន ត្រូវមានការគ្រប់គ្រង ដឹកនាំវិស័យព្រះពុទ្ធសាសនា ឱ្យទទួលបានលទ្ធផលល្អប្រសើរដោយមានធម៌សាមគ្គី និងសហការជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ក៏ដូចមន្ត្រីសង្ឃក្រោមឱវាទ ឱ្យបានស្និទស្នាលបំផុត និងទទួលមើលការខុសត្រូវ លើផ្នែកវិស័យពុទ្ធិកៈសិក្សា ដែលជាវិស័យបណ្តុះបណ្តាលឱ្យបានខ្លាំងក្លា ព្រោះជាវិស័យមិនអាចខ្វះបាន៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner