រោងចក្រប្រព្រឹត្តកម្មទឹកស្អាតពីរកន្លែង នៅខេត្តសៀមរាប និងខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ
សៀមរាប៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធីបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការជាតិ តំណាងដ៍ខ្ពស់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញថា សំណង់ថ្មី និងហេដ្ឋារចនាសម្ព័ន្ធថ្មី នៃរោងចក្រប្រព្រឹត្តទឹកស្អាតទាំង ២កន្លែង គឺនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលត្រូវបានដាក់ឱ្យដំណើរការ ជាផ្លូវការនាថ្ងៃនេះ សម្ដេចបានចាត់ទុកថា ជាសមិទ្ធផលដ៏សំខាន់មួយក្នុងវិស័យទឹកស្អាត ដែលកើតមានឡើងក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ជាពិសេសសខេត្តសៀមរាប ខណៈដែលខេត្ដនេះ មិនដែលមានរោងចក្រផលិតទឹកស្អាតខ្នាតធំ អាចផលិតបានដល់ ៦ម៉ឺនម៉ែត្រគូប/ក្នុងមួយថ្ងៃដូចនេះឡើយ។

សម្ដេចពិជ័យ បានបន្ដថា រោងចក្រទឹកស្អាតថ្មីនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រដំបូងរបស់ខេត្តសៀមរាបក្នុង វិស័យទឹកស្អាត និងជាកត្តាចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍខេត្តឲ្យកាន់តែល្អប្រសើរថែមទៀត ។ ជាក់ស្តែង នៅ «តំបន់អភិវឌ្ឍន៍រុនតាឯក» ស្ថិតក្នុងស្រុកបន្ទាយស្រី និង «តំបន់អភិវឌ្ឍន៍ ពាក់ស្នែង» ក្នុងស្រុកអង្គរធំ គឺក្រៅពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជាផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារ មណ្ឌលសុខភាព ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទូរស័ព្ទជាដើម រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកាចំនួន ៩លានដុល្លារ សម្រាប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍ទាំង២នេះ។

សម្តេច បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចផ្ដល់ថវិកាចំនួន១,៥លានដុល្លារបន្ថែមទៀត សម្រាប់ជួយឧបត្ថម្ភលើការភ្ជាប់បណ្តាញ និងដំឡើងនាឡិកាទឹកចូលតាមផ្ទះប្រជាពលរដ្ឋនៅតំបន់ទាំងនោះផងដែរ។
ការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្ហាញពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្ដេចតេជោ ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយក៏ជាការលើកទឹកចិត្តចំពោះប្រជាជន ដែលតាមការគ្រោងមានចំនួនប្រមាណ ១៤០០០គ្រួសារ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីទទួលបានទឹកស្អាតពីរដ្ឋាករទឹកស្វយ័តសៀមរាប សម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន នឹងប្រជាជនដែលរស់នៅក្នុងក្រុងសៀមរាបផងដែរ។

ឯកឧត្ដម ចម ប្រសិទ្ធិ ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងឧហ្សាហកម្មវិទ្យាសាស្ដ្រ បច្ចេកទេស និងនវានុវត្ដន៍ មានប្រសាសន៍ថា វិស័យទឹកស្អាតត្រូវបានពង្រឹងការគ្រប់គ្រង និងមានការអភិវឌ្ឍជាលំដាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការពង្រីកមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទ និងគ្រប់វិស័យ ដែលកំពុងមានកំណើនស្ទុះទៅមុខឥតឈប់ឈរនៅគ្រប់ទីកន្លែង។
ឯកឧត្ដមបន្ដថា នៅក្នុងអាណត្តិទី៦នេះ, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយលើវិស័យទឹកស្អាតគឺ ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ ៕




ដោយ ស៊ាន សុផាត