ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នៅឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា និងប្រជាពលរដ្ឋនៅក្នុងភូមិបង្គានស និងភូមិទួលស្រឡៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៣។

ឯកឧត្តម អ៊ាង សុផល្លែត បានជំរុញឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងបានចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នោះគឺជាការរួមចំណែកដ៏សំខាន់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងបានលើកទឹកចិត្ត ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តកសាង និងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវចូលរូមថែរក្សា សន្តិភាព និងសមិទ្ធផលនានាដែលបានអភិវឌ្ឃន៍កន្លងមក និងត្រូវមានសាមគ្គីភាព ខ្មែរស្រលាញ់ខ្មែរ ព្រោះមាន សន្តិភាព សាមគ្គីភាព និងចេះស្រលាញ់គ្នានេះហើយ ទើបធ្វើឱ្យកម្ពុជាយើងមានការអភិវឌ្ឃ និងទទួលបានជោគជ័យជាបន្តបន្ទាប់ ដូចជាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាទីមោទនភាព សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស៕




ដោយ / ភារ៉ា