សម្ដេចតេជោ ហ៊ុន សែន សំណូមពរចំពោះក្រុមគ្រូពេទ្យ និងនិស្សិតពេទ្យ ត្រូវចាំថា ធ្វើគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតមនុស្ស
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានសំណូមពរដល់ក្រុមគ្រូពេទ្យ និងនិស្សិតដែលកំពុងធ្វើកម្មសិក្សា និងកំពុងរៀន ត្រូវចាំថា ធ្វើគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតមនុស្ស។ សម្ដេចតេជោ សង្ឃឹមថា គ្រូពេទ្យដាក់ចិត្តដាក់កាយ ហើយត្រៀមខ្លួនបម្រើប្រជាជន សង្គ្រោះជីវិតប្រជាជន។ សម្តេច ថា យើងត្រូវធ្វើឲ្យវិស័យសុខាភិបាលរបស់យើង ឆ្លើយតបទៅនឹងតម្រូវការសម្រាប់ប្រជាពលរដ្ឋយើងផង និងសម្រាប់ជនបរទេសផងដែរ។
ការថ្លែងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដូច្នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ បានបញ្ជាក់ថា យើងមានមន្ទីរពេទ្យល្អ បង្កើនជំនឿចិត្តដល់បណ្ដាអង្គទូតនានា ដល់បណ្ដាអ្នកវិនិយោគបរទេសផងដែរ។ សម្តេចបន្តថា វិស័យសុខាភិបាល និងវិស័យអប់រំនៅតែវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរដល់គ្រូពេទ្យ និងនិស្សិតពេទ្យទាំងអស់ សូមឱ្យបម្រើប្រជាពលរដ្ឋឲ្យបានល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ បម្រើ និងសង្រ្គោះជីវិតប្រជាជន។ សម្តេច ថា មានជំនាញបច្ចេកទេស តែបើខ្វះក្រមសីលធម៌ គឺមិនអាចទៅរួចទេ ៕ ដោយ វណ្ណលុក,វេង លឹមហួត,សួង ពិសិដ្ឋ