ក្រុមអ្នកជំនាញជោគជ័យលើការភ្ញាស់ពងសត្វខ្សឹបបែបសិប្បនិម្មិចំនួនពីរគ្រាប់

រាជធានីភ្នំពេញ៖ ការបង្កាត់ពូជសត្វខ្សឹបក្រៅជម្រកធម្មជាតិចូលរួមចំណែកដល់ការរស់រានមានជីវិត នៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងដោយធ្វើការអបអរសាទរនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នា ២០២៣ដល់ក្រុមអ្នកជំនាញមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ដែលធ្វើបានជោគជ័យ លើការភ្ញាស់បែបសិប្បនិម្មិតចំពោះពងសត្វខ្សឹបចំនួនពីរគ្រាប់ដែលត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ នេះពិតជាមានព័ត៌មានដ៏អស្ចារ្យសម្រាប់ក្រុមអ្នកអភិរក្សនិងប្រជាជនកម្ពុជា។

ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ពងខ្សឹបចំនួនពីរគ្រាប់ត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ ពងខ្សឹបដែលបានប្រមូលមកត្រូវបានបញ្ជូនទៅកាន់កន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ជាកន្លែងដែលពងទាំងនេះត្រូវបានភ្ញាស់បែបសិប្បនិម្មិតដោយជោគជ័យ។ ពងខ្សឹបទាំងពីរគ្រាប់នេះបានញាស់ក្នុងសប្តាហ៍ទីមួយនៃខែឧសភា ហើយកូនខ្សឹបទាំងពីរក្បាលត្រូវបានចិញ្ចឹមបញ្ចុកចំណីដោយអ្នកថែទាំសត្វដ៏មានបទពិសោធន៍របស់ពួកយើង។ ពួកវានឹងត្រូវបានដាក់បញ្ចូលទៅក្នុងចំនួនរបាយប្រជាសាស្រ្តសត្វខ្សឹបក្រៅជម្រកធម្មជាតិនៅ ACCB ដែលពួកវានឹងចូលរួមចំណែកដល់ការរស់រានមានជីវិតនៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ ផ្អែកលើទិន្នន័យសិក្សាស្រាវជ្រាវ នៃការធ្វើជំរឿនសត្វខ្សឹប នៅតាមទីជម្រកបន្តពូជសំខាន់ៗជុំវិញតំបន់ទំនាបលិចទឹកបឹងទន្លេសាប ឆ្នាំ២០២១កន្លងទៅ ចំនួនសត្វខ្សឹបឈ្មោលដែលបង្អូតខ្លួននៅរដូវបន្តពូជមានប្រមាណ ២២៩ក្បាល ខណៈការប៉ាន់ស្មាន ចំនួនសត្វខ្សឹបទាំងអស់មាប្រមាណ ៥៥០ ក្បាល។ នេះគឺជាទិន្នន័យខ្ពស់បំផុតដែលធ្លាប់បានសិក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លទ្ធផលល្អនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នពាក់ព័ន្ធក្នុងនោះរួមមានក្រសួងបរិស្ថាន អង្គការ WCS, ACCB, សហគមន៍តំបន់ការពារធម្មជាតិ និងម្ចាស់ជំនួយដែលបានគាំទ្របច្ចេកទេស និងការដាក់ចុះនូវវិធានការចាំបាច់ផ្សេងៗដើម្បីការពារតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប។

គួរបញ្ជាក់ថាសត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា។ សត្វប្រភេទនេះ មាននៅប្រទេសកម្ពុជា និងធ្លាប់មាននៅវៀតណាម។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាល នៅលើពិភពលោក។

សកម្មភាពការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះ ត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប» គ្របដណ្តប់លើផ្ទៃដីទំហំ ៣១.១៥៩ហិកតា លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំនិងសៀមរាប៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner