សម្ដេចតេជោ ហ៊ុន សែន បង្ហាញគោលដៅពីរដល់ប្រធានក្រុមហ៊ុន DMG MORI ជប៉ុន ដើម្បីជំរុញការវិនិយោគវិស័យឧស្សាហកម្ម និងទាក់ទាញបច្ចេកវិទ្យាថ្មីៗមកផលិតនៅកម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅ វិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបទៅលោក ម៉ូរី ម៉ាសាហ៊ីកូ (MORI MASAHIKO )ប្រធានក្រុមហ៊ុន DMG MORI នៃប្រទេស ជប៉ុនថា កម្ពុជា កំពុងជំរុញផ្នែកឌីជីថល។ កម្ពុជា មានគោលដៅពីរ សម្រាប់វិស័យឧស្សាហកម្ម ទី១-ជំរុញការវិនិយោគលើវិស័យ ឧស្សាហកម្មបម្រើ ការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់ សម្រាប់ការ នាំចេញ និងទី២-ទាក់ទាញបច្ចេកវិទ្យាថ្មីៗមកផលិតនៅកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់ អ្នកយកព័ត៌មាននៅក្រោយជំនួបថា លោក MORI MASAHIKO បានគោរពជម្រាបជូនសម្តេចតេជោ អំពីមជ្ឈមណ្ឌលផលិត កម្មឌីជីថល កម្ពុជា-ជប៉ុន ដែលមជ្ឈមណ្ឌលនេះ មានគោលបំណ ង៣ ទី១គឺចូលរួមជំរុញការធ្វើឌីជីថលបនីយកម្ម ឧស្សាហកម្មនៅ កម្ពុជា ទី២ចូលរួមជំរុញការអភិវឌ្ឍន៍ធនធានមនុស្ សលើ វិស័យឌីជីថល ឧស្សាហកម្ម និងទី៣ ជំរុញកិច្ចសហប្រតិបត្តិការ រវាងឧស្សាហកម្ម ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល ។
លោក MORI MASAHIKO បានគោរពជម្រាបជូន សម្ដេចតេជោបន្ថែមថា មជ្ឈមណ្ឌលផលិតកម្មឌីជីថល ឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីន ដែលយកមកកម្ពុជានៅពេលនេះ គឺជាម៉ាស៊ីនដែលទំនើបបំផុត និងជាម៉ាស៊ីនដែល ចាំបាច់បំផុតសម្រាប់បម្រើឲ្យឧស្សាហកម្ម នាយុគ្គសម័យឌីជីថល ។
លោក MORI MASAHIKO បានបន្ថែមថា ក្រុមហ៊ុន DMG MORI នឹងនៅបន្តហ្វឹកហាត់ ដល់កម្ពុជាក្នុងការប្រើប្រាស់ ម៉ាស៊ីន និង បង្រៀន ដល់និស្សិតកម្ពុជា ហើយឆ្លៀតក្នុងឱកាសនោះដែរ លោក MORI MASAHIKO ក៏បានគោរពស្នើសុំសម្ដេចតេជោ មេត្តាជួយគាំទ្រលើគម្រោងនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ជូនលោក MORI MASAHIKO ផងដែរ។
ចំពោះសំណើរបស់លោក MORI MASAHIKO សុំការគាំទ្រពី សម្ដេចនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចមិនត្រឹមតែគាំទ្រទេ ថែមទាំងបានស្នើសុំឲ្យក្រុមហ៊ុន DMG MORI និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន បន្តជួយកម្ពុជាថែមទៀត ដើម្បីធ្វើឲ្យកម្ពុជាអាចឈានឆ្ពោះទៅមុខលើវិស័យឌីជីថលនេះ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និងសួង ពិសិដ្ឋ