បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញភាពប្តេជ្ញារបស់គណបក្សការពារបាវចនាជាតិ (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមសម្ពោធសមិទ្ធផលសាសនាក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ឧសភានេះ និងបានប្រាប់អ្នកចូលរួមថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្ស ដែលប្រកាន់ខ្ជាប់នូវការការពារ បាវចនាជាតិ។ បាវចនាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ជាតិ សាសនា និងព្រះមហាក្សត្រ។

ថ្លែងនៅក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វ តារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី នៃស្រុករលាប្អៀរ, បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលប្តេជ្ញាការពារនូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សតែងបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយប្រកបដោយភាពប្រាកដប្រជា, មានចក្ខុវិស័យ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំគ្រប់កាលៈទេសៈ»។

អតីតរបបរាជានិយមរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានផ្តួលរំលំដោយក្រុមធ្វើរដ្ឋប្រហារ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលសហរដ្ឋអាមេរិកបានគាំទ្រ។ របបរាជានិយមដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ជំនាន់នោះ ត្រូវបានដួលរលំដោយរដ្ឋប្រហារក្បត់ជាតិប្រព្រឹត្តដោយពួក លន់ នល់ ចេង ហេង និងទ្រង់ សិរីមតៈ។ ក្រោយមក ក្នុងរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ វិស័យសាសនាត្រូវបានរំលាយថែមទៀត។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គឺគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និងប្រជាជន នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ និងបានជួយឱ្យវិស័យសាសនាក្នុងប្រទេសកម្ពុជា រស់រាន និងមានការរីកចំរើនសាឡើងវិញ។

លោកបានថ្លែងទៀតថា គឺគណបក្សប្រជាជនកម្ពុជា បានជួយជ្រោងទង់បង្កើតរបបរាជានិយមសាជាថ្មីឡើងវិញ ក្រោយការដួលរលំរយៈពេល២៣ឆ្នាំកន្លងមក ដោយសាររដ្ឋប្រហារផ្តួលរំលំ នៃរបបសាធារណរដ្ឋខ្មែរលោក លន់ នល់។

សម្តេចតេជោ ហ៊ុន សែន បានយាងដង្ហែរអតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ ពីសាធារណរដ្ឋប្រជាមានិតចិន និងក្រោយមកក៏មានការរៀបចំនូវព្រះរាជពិធី យាងឡើងគ្រងរាជសម្បត្តិសាជាថ្មីវិញ ក្នុងខែកញ្ញា ឆ្នាំ១៩៩៣។

គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលតែងរួមរស់សុខទុក្ខជាមួយប្រជាជន, ជួយធ្វើឱ្យវិស័យសាសនារស់ឡើងវិញ និងបានជ្រោងការរស់ឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ស្របតាមអ្វីដែលបាវចនាជាតិបានចែង គឺ ជាតិ សាសនា និងព្រះរាជបល្ល័ង្គ។

ads banner