អាជ្ញាធរនៃប្រទេសថៃ ស្នើឱ្យប្រទេសកម្ពុជាអនុញ្ញាតឱ្យទេសចរថៃ អាចចូលទស្សនាប្រាសាទព្រះវិហារឡើងវិញ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃខេត្ត អ៊ូប៊ុនរ៉ាត់ថានី (Ubon Ratchathani) ប្រទេសថៃបានស្នើឱ្យកម្ពុជាអនុញ្ញាតឡើងវិញដោយឱ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារតាមច្រកស៊ីសាកេត បន្ទាប់ពីផ្អាកអស់រយៈពេលប្រមាណ ១៥ឆ្នាំ ខណៈដែលអាជ្ញាធរជាតិព្រះវិហារថា ច្រកអន្តរជាតិជាំស្រងាំ ជាច្រកដែលល្អបំផុតសម្រាប់ប្រទេសទាំងពីរក្នុងលើកកម្ពស់វិស័យទេសចរណ៍។
មន្រ្តីថៃបានលើកឡើងដូចនេះតាមរយៈការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ របស់ប្រទេសថៃ ដែលបានចុះផ្សាយនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដោយបានលើកឡើងថា ភាគីថៃចង់ឱ្យកម្ពុជាបើកឱ្យទេសចរថៃចូលទស្សនាប្រាសាទព្រះវិហារឡើងវិញនៅខេត្តស៊ីសាកេត បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ។
ប្រភពដដែលបានបន្តថា ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកឡើងវិញនូវប្រាសាទព្រះវិហារនៅខេត្តស៊ីសាកេត បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។
កាសែតបាងកកប៉ុស្តិ៍បានបន្ថែមថា ៖ «ប្រសិនបើកម្ពុជាអនុញ្ញាតឱ្យទេសចរថៃចូលប្រាសាទព្រះវិហារពីខាងប្រទេសថៃ វានឹងផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរ និងទាក់ទាញមនុស្សឱ្យមកទស្សនាកាន់តែច្រើន។ ថៃ និងកម្ពុជា គួរតែរួមគ្នាដើម្បីលើកកម្ពស់វិស័យទេសចរណ៍»។
ជុំវិញរឿងនេះឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា អាជ្ញាធរជាតិព្រះវិហារ មានភារកិច្ចក្នុងការអភិរក្ស និងគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារ ហើយចំពោះការបើក ឬបិទតំបន់ព្រំដែនណាមួយ មិនមែនភារកិច្ចរបស់អាជ្ញាធរជាតិព្រះវិហារនោះទេ។
លោកបានបន្តថា ការបើក និងបិទព្រំដែននេះ វាជាភារកិច្ចរបស់រាជរដ្ឋាភិបាល ហេតុដូច្នេះប្រសិនបើរាជរដ្ឋាភិបាលមានការសម្រេចណាមួយនោះ អាជ្ញាធរជាតិព្រះវិហារនឹងអនុវត្តតាមរាជរដ្ឋាភិបាល។
អាជ្ញាធរជាតិព្រះវិហារ មានការស្វាគមន៍ជានិច្ចគ្រប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទាំងអស់ បើទោះជាកន្លងមកប្រទេសកម្ពុជា និងប្រទេសថៃ ធ្លាប់មានបញ្ហាប្រាសាទព្រះវិហារមែន ក៏ប៉ុន្តែមិនមែនជាបញ្ហារវាងជាតិសាសន៍ទាំងពីរនោះទេ។
ឯកឧត្តម គង់ ពុទ្ធិការ បញ្ជាក់ថា ៖ «យើងធ្លាប់ទទួលដែរភ្ញៀវទេសចរថៃហ្នឹង ហើយក៏នូវតែបន្តស្វាគមន៍ពួកគាត់ ក៏ប៉ុន្តែយើងមានច្រកអន្តរជាតិរបស់យើងដែរ ដែលយើងបានបើកសម្រាប់ភ្ញៀវទេសចរចេញ-ចូល និងទំនិញចេញ-ចូលបាន គឺច្រកជាំស្រងាំ នៅអន្លង់វែងនេះ»។មួយទៀតយើងក៏បានឮថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ដូចជាមានឆន្ទៈខ្ពស់ក្នុងបើកច្រកអានសេះ ក្នុងខេត្តព្រះវិហារ ហើយច្រកអានសេះនេះ វាជាច្រកមួយសំខាន់ដែលវាងាយជិតក្នុងចូលប្រាសាទព្រះវិហារជាងច្រកជាំស្រងាំ។
បើតាមឯកឧត្តម គង់ ពុទ្ធិការ សព្វថ្ងៃនេះ កំណើនភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារក្នុងឆ្នាំ២០២៣ នេះ មានការកើនឡើងខ្លះដែរ បន្ទាប់ពីស្ថានភាពកូវីដ១៩ស្ងាត់មួយរយៈក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ប៉ុន្តែទោះបីជាយ៉ាងណាកំណើននេះ មិនអាចស្មើនឹងមុនសម័យកូវីដ១៩នោះឡើយ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងទេសចរណ៍ឯកឧត្តម តុប សុភ័គ ក៏បានប្រាប់ឱ្យដឹងដែរថា ទោះបីកាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយយ៉ាងណាក៏ដោយ ប៉ុន្តែសំខាន់នោះ ក្រសួងមិនទាន់ទទួលបានលិខិត ឬសំណើណាមួយជាផ្លូវការពីភាគីថៃនោះឡើយ។
លោកបានបន្តថា ក្រសួងក៏មិនអាចធ្វើការសម្រេចលើអ្វីមួយបាននោះទេ ពីព្រោះប្រាសាទព្រះវិហារស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ ដែលតម្រូវឱ្យមានការប្រជុំពិភាក្សាជាមួយក្រសួងពាក់ព័ន្ធទាំងអស់ ទើបអាចចេញជាការសម្រេចមួយបាន។
ឯកឧត្តម តុប សុភ័គ បានបញ្ជាក់ថា យើងមិនទាន់ឃើញមានសំណើជាផ្លូវការ ហើយយើងក៏មិនទាន់មានការសម្រេចអីដែរ ។វាគ្រាន់តែជាការចុះផ្សាយសរសេរព័ត៌មានរបស់គេ។
លោកបន្តថា បច្ចុប្បន្ននេះប្រាសាទព្រះវិហារ ត្រូវបានអាជ្ញាធរជាតិព្រះវិហារ ជាអ្នកគ្រប់គ្រងការងារទេសចរនៅប្រាសាទព្រះវិហារនៅទីនោះ ខណៈដែលខាងក្រសួងទេសចរណ៍ ក៏ស្ថិតក្នុងការចូលរួមជាមួយផងដែរលើកិច្ចការងារ ប៉ុន្តែលោកថា រាល់កិច្ចការសម្រេចអ្វីមួយ ត្រូវការប្រជុំជាមួយក្រសួងពាក់ព័ន្ធ ពិសេសក៏ទាមទារឱ្យមានការសម្រេចពីរាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដងរែក ដែលភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។
បើតាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឱ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ និងសម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍ ក្នុងគោលបំណងដើម្បីរំឭកគុណព្រះវិស្ណុ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ។ អង្គការយូនីស្កូក៏បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ផងដែរ៕
ដោយ៖ជា សុខនី
