សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋមន្រី្តក្រសួងវប្បធម៌ និង សិល្បៈករ សិល្បៈការិនី ចំពោះការសំដែងល្អឥតខ្ចោះ ក្នុងពិធីបើក-បិទស៊ីហ្គេម

ភ្នំពេញ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សា និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានអរគុណចំពោះរដ្ឋមន្ត្រីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ និងមន្រ្តីដែលបានចូលរួមរៀបចំសិល្បៈក្នុងទម្រង់ដ៏ធំមួយនៃព្រឹត្តិការណ៍បើក និងបិទកីឡាស៊ីហ្គេម លើកទី៣២ នាពេលកន្លងទៅ ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានអរគុណ សិល្បករ សិល្បការិនីទាំងអស់ ដែលបានធ្វើការហ្វឹកហាត់រាប់ខែ ហើយឥឡូវនេះ សម្ដេចរកមិនឃើញកន្លែងទាស់។ រកមិនទាន់ឃើញទេ ព្រោះវាស៊ីសង្វាក់គ្នាខ្លាំងណាស់ រវាងចលនារបស់មនុស្ស និងចលនានៃបច្ចេកវិទ្យាព័ត៌មានឌីជីថល គឺវាផ្សាភ្ជាប់គ្នា មិនដាច់រយៈ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា អញ្ចឹងទេចំណុចនេះ ការហ្វឹកហាត់របស់សិល្បករ សិល្បការិនី បូករួមជាមួយនឹងកម្លាំងប្រដាប់អាវុធរបស់យើង និយាយឲ្យត្រង់អង្គរក្សមានចំនួន ២ពាន់នាក់ មកចូលរួមហ្វឹកហាត់ ហើយបម្រើឲ្យការងារសិល្បៈនៅទីនោះផង ហើយប្រសិនជាមានការចលាចលណាមួយ គឺអាចគ្រប់គ្រងសភាពការណ៍ទាំងអស់តែម្ដង ។ បើសិនមានបញ្ហាកើតឡើង គឺកម្លាំងអង្គរក្ស និងកម្លាំងអន្តរាគមន៍នៅទីនោះ គឺអាចដោះស្រាយបាន។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ បានបើកជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងបានបិទជាផ្លូវការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមានមេដាយមាស ៨១គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរិទ្ធ ១២៧គ្រឿង។ ដោយឡែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម និងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner