លោក ប្រាយុទ្ធ ធានាពីការផ្ទេរអំណាចដោយសន្តិវិធី
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធានាពីការផ្ទេរអំណាចដោយសន្តិវិធី ពីរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក ទៅឱ្យរដ្ឋាភិបាលថ្មី ខណៈវិធានការជាច្រើនកំពុងត្រូវបានអនុវត្ត ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ប្រាយុទ្ធ បានគូសបញ្ជាក់ដូច្នេះថា «ខណៈប្រទេសនឹងត្រូវឆ្ពោះទៅមុខ យើងនឹងបន្តធ្វើការដើម្បីការពារប្រជាជន ខណៈ រង់ចាំរដ្ឋាភិបាលថ្មីឡើងមកកាន់អំណាច»។
លោក ប្រាយុទ្ធ ក៏បានជំរុញផងដែរឱ្យគ្រប់ភាគីទាំងអស់កុំឱ្យបង្កើតសេណារីយ៉ូបំភិតបំភ័យពីស្ថានការណ៍នយោបាយ ដែលអាចធ្វើឱ្យប្រជាជនផ្ទុះកំហឹង។
លោកបានមានប្រសាសន៍ថា៖ «សូមកុំបង្កើតបញ្ហាបន្ថែមទៀត។ ខ្ញុំផ្ទាល់ជាធម្មតាមិនមានបញ្ហាជាមួយភាគីណាមួយទេ ហើយខ្ញុំគោរពដំណើរការប្រជាធិបតេយ្យដែលកំពុងបន្ត»។
មេដឹកនាំ «ចលនាឆ្ពោះទៅមុខ» លោក ភីតា លីមចារ៉េនរ៉ាត់ (Pita Limjaroenrat) បានបង្កើតការភ្ញាក់ផ្អើលមួយ ដោយការឈ្នះការបោះឆ្នោត កាលពីថ្ងៃទី ១៤ ខែឧសភា ដែលជាការមើលងាយ សម្រាប់គណបក្សអភិរក្សនិយម ដែលមានទំនាក់ទំនងជាមួយកងទ័ព ដែលកំពុងកាន់អំណាច។លោក លីមចារ៉េនរ៉ាត់ មានសម្ព័ន្ធភាពចំនួន ៣១៣ ក្នុងចំណោម ៥០០អាសនៈនៅក្នុងសភាជាន់ទាប ដែលជាភាគច្រើន ក្នុងការគ្រប់គ្រង។ ប៉ុន្តែការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ក៏រួមបញ្ចូលអាសនៈចំនួន ២៥០នៅក្នុងព្រឹទ្ធសភាផងដែរ ដែលសមាជិកទាំងអស់ត្រូវបានជ្រើសរើស ដោយរបបយោធា៕ ប្រភពពី Bangkokpost ប្រែសម្រួល៖ សារ៉ាត