វគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវៈឣធិការកិច្ច នឹងត្រូវបិទបញ្ចប់នាថ្ងៃទី២៦ ខែឧសភា

ឣ្នកនាំពាក្យ៖ វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់ ៥ វគ្គ៣+៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ ) នឹងត្រូវប្រារព្ធពិធីបញ្ចប់វគ្គនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមឣធិបតីភាពឯ.ឧ ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទ រ ព ឣ ។ នេះបើតាមការឲ្យដឹងពីឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពាក្យក្រសួង ទ រ ព ឣ នារសៀលថ្ងៃពុធ ទី២៤ ខែឧសភា ។

ឯ.ឧ ណុប ចាន់ណារិន្ទ បានឲ្យដឹងទៀតថា នេះជាវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ វគ្គ៣+៤ និងមានសិក្ខាកាមចូលរួមចំនួន ៤៥នាក់ ក្នុងនោះ អធិការកិច្ចរបស់ក្រសួងស្ថាប័នមានចំនួន ៣៤នាក់ អគ្គនាយកដ្ឋានអធិការកិច្ចចំនួន ៥នាក់ និង មន្ទីរ ទ រ ព អ រាជធានីខេត្តចំនួន ៦នាក់។ វគ្គនេះ គឺលើកទី៣ នៃឆ្នាំ២០២៣ ដោយបណ្តុះបណ្តាលដល់មន្រ្តីរាជការដែលបម្រើការងារក្នុងវិស័យអធិការកិច្ចរបស់ក្រសួងស្ថាប័នផ្សេងចំនួន ១៧ក្រសួង រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ផែនការ, សាធារណការ និងដឹកជញ្ជូន, អប់រំយវជន និងកីឡា, វប្បធម៌ និងវិចិត្រសិល្បៈ, កិច្ចការនារី, អភិវឌ្ឍជនបទ, សុខាភិបាល, ទេសចរណ៍, រ៉ែ និងថាមពល, ពាណិជ្ជកម្ម, ធនធានទឹក និងឧតុនិយម, បរិស្ថាន, មុខងារសាធារណៈ, ប្រៃសណីយ៍ និង ទូរគមនាគមន៍, និងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលក្នុង ១ក្រសួង ចំនួន ២នាក់។

ឣ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលនេះ បានសិក្សាលើប្រធានបទចំនួន ៧ រូមមាន ទស្សនៈទូទៅនៃការងារ អធិការកិច្ច, ប្រព័ន្ធច្បាប់, ការប្រៀបធៀបស្ថាប័នអធិការកិច្ច៤នៅអាស៊ី, ស្ថាប័នអធិការកិច្ច និងមន្រ្តី អធិការកិច្ច, គណនេយ្យ-ហិរញ្ញវត្ថុ, ផែនការ កំណត់ហតុ និងរបាយការណ៍ និងវិធីសាស្រ្តអធិការកិច្ច។ ប្រធានបទទាំងនេះ គឺជាប្រធានបទដែលបានកំណត់ក្នុងកម្មវិធីបណ្តុះបណ្តាលដោយសម្តេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១។
ជាចុងបញ្ចប់ ឯ.ឧ ណុប ចាន់ណារិន្ទ បានបញ្ជាក់ពីទឹសដៅភារកិច្ចនាពេលខាងមុខថា វិទ្យាស្ថានជាតិឣធិការកិច្ច ក្រោមការយកចិត្តទុកដាក់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន នឹងពង្រីក ការបណ្តុះបណ្តាលដល់គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានីខេត្ត ព្រមទាំង រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរចនាសម្ព័ន្ថផែនអធិការកិច្ច ឬត្រួតពិនិត្យផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner