កម្ពុជា-វៀតណាម បន្តលើកកម្ពស់កិច្ចសហការបន្ថែមទៀតលើគ្រប់វិស័យ ពិសេសក្នុងក្របខណ្ឌនៃការអភិវឌ្ឍយុវជន
ភ្នំពេញ៖ ក្រៅពីសមិទ្ធិផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្ឣរវាងកម្ពុជា-វៀតណាម ក្នុងរយ:ពេលជាច្រើនទសវត្សមកនេះ ប្រជាជន នៃប្រទេសទាំងពីរនៅតែមានជំហរ នៃកិច្ចសហការ បន្ថែមទៀតលើគ្រប់វិស័យ ពិសេសក្នុងក្របខណ្ឌនៃការអភិវឌ្ឍយុវជន ដែលជាសរសរស្តម្ភនៃការឣភិវឌ្ឍប្រទេសជាប់ភូមិផងរបងជាមួយគ្នា ។
នេះជាការលើកឡើងនៅក្នុងគ្រាដែលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឣនុប្រធានគណបក្សប្រជាជនកម្ពុជា បានឣនុញ្ញាតិឲ្យប្រតិភូមជ្ឈិមសហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម ដឹកនាំដោយឯ.ឧ ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) ចូលជួបសម្តែងការគួរសមកាលពីព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា នៅវិមាន៧មករា ។
ក្នុងឱកាសជំនួបនោះ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) បានថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ, ការគ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩ ដែលធានាបាននូវសុខុមាលភាពប្រជាជន, ការដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា ជាពិសេស ការរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានយ៉ាងល្អ និងឆ្ពោះទៅរៀបចំការប្រកួតកីឡាប៉ារាហ្គេម នាពេលឆាប់ៗនេះ។
ឯកឧត្តម បានបង្ហាញនូវការបន្តរឹតចំណងមិត្តភាព សាមគ្កីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធិបន្ថែមទៀត ដើម្បីរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ ។
ជាការឆ្លើយតបសម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងការប្រារព្ធខួបទី ៥៦ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
សម្តេចកិត្តិសង្គបណ្ឌិតក៏បានថ្លែងនូវការកោតសសើរដល់យុវជនទាំងពីរប្រទេស និងបានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រពីយុវជនជំនាន់មុន តាមរយៈ នៃការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក ជាពិសេស ក្នុងការចាប់យកនូវចំណុចល្អ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលនៃសុខសន្តិភាព។
សម្ដេចកិត្តិសង្គហបណ្ឌិត សង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងយុវជនទាំងពីរកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ ។
កិច្ចពិភាក្សាបានផ្តោតលើបទពិសោធន៍របស់ស្ថាប័នយុវជននៃប្រទេសទាំង ២ ក្នុងការចូលរួមជាមួយ នឹងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ជាពិសេស លើការប្រយុទ្ធប្រឆាំងដោយជោគជ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ការងារ គណៈប្រតិភូនៃប្រទេសទាំង ២ បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហការបន្ថែមទៀត ជាពិសេស ក្នុងក្របខណ្ឌនៃការអភិវឌ្ឍយុវជន ៕





