ផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ ៖ កម្មវិធីផ្សព្វផ្សាយឯកសារគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដែលត្រូវបានរៀបចំដោយអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។

ឯកឧត្តម ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានឲ្យដឹងថា ឯកសារគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ មានគោលបំណងឱ្យភាគីពាក់ព័ន្ធធ្វើការលើការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងអាហា រូបត្ថម្ភ ដើម្បីគាំទ្របច្ចេកទេស និងផ្តល់ការណែនាំក្នុងការតាក់តែងរៀបចំផែនការ សម្របសម្រួល អនុវត្ត តាមដាន និងត្រួតពិនិត្យលើកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់ អាហារូបត្ថម្ភ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ ដើម្បីរួមចំណែកពន្លឿនកិច្ចខិតខំប្រឹង ប្រែងកែលម្អអាហារូបត្ថម្ភនៅកម្ពុជា តាមរយៈការពង្រីកលទ្ធភាពទទួលយក និងស្រូបសារជាតិ ចិញ្ចឹមរាងកាយដើម្បីបង្កើនអាហារូបត្ថម្ភ កាត់បន្ថយហានិភ័យជំងឺ ការផ្លាស់ប្តូរឥរិយាបថ និងជំរុញការ ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ ក្រៅពីនោះ ក៏មានការផ្សព្វផ្សាយ និង ពិភាក្សាគ្នាផងដែរ អំពីលទ្ធផលនៃករណីសិក្សាស្តីពីភាពពាក់ព័ន្ធគ្នារវាងសេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ក្នុងគម្រោងអន្តរាគមន៍នានាក្នុងខេត្តភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា។

លោកស្រី ហ្គីនេត វុន ប្រធានអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានមានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដ៏មានសារៈសំខាន់ជាច្រើន ដូចជាយុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (២០១៩-២០២៣) និងគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដែលជាលទ្ឋផល, ភាពក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី៣២%នៅឆ្នាំ២០១៤ មកនៅត្រឹម២២%នៅឆ្នាំ២០២២ ហើយប្រជាពលរដ្ឋនៅតាមទីជនបទប្រមាណ៨០% មានទឹកស្អាតប្រើប្រាស់, រីឯអត្រានៃការបន្ទោរបង់ពាស់វាលពាស់កាលនៅជនបទ បានធ្លាក់ចុះពី៨០% នៅឆ្នាំ២០០០ មកនៅត្រឹម១៤% នៅឆ្នាំ២០២២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ និងកែលម្អស្ថានភាពអាហារូបត្ថម្ភសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ពិសេសស្រ្តីស្ថិតនៅក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ តាមរយៈការផ្តល់លទ្ធភាពឱ្យប្រជាជនយើងបានទទួលនូវសេវាអន្តរាគមន៍អាហារូបត្ថម្ភ ទាំងក្នុងបរិបទសុខាភិបាល និងក្នុងបរិបទពហុវិស័យ។ ដោយឈរលើស្មារតីនេះ អាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យដែលទាមទារឱ្យមានកិច្ចសហការបានល្អ ទាំងរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ជាក់ស្តែងក្រសួងអភិវឌ្ឍជនបទ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីទ្បា ក្រសួងកិច្ចការនារី និងកម្មវិធីជាតិវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានកិច្ចសហការបានល្អជាមួយគ្នា។ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំសម្របសម្រួលរៀបចំយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ (២០១៩ ២០២៣) និងត្រៀមរៀបចំយុទ្ធសាស្រ្តជាតិនេះ លើកទី៣, ២០២៤ ២០២៨។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ផ្អែកតាមការសិក្សាស្រាវជ្រាវសកលបានបង្ហាញថា ការគាំទ្រឱ្យមានការបន្សីគ្នារវាងវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ ជាមួយនឹងអាហារូបត្ថម្ភ ពិតជាមានចំណុចវិជ្ជមានដល់ការរួមចំណែកធ្វើឱ្យបានប្រសើរទ្បើងបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារអាយុក្រោម៥ឆ្នាំ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាបច្ចុប្បន្ន មិនមានអ្នកណាម្នាក់ដែលជួបប្រទះបញ្ហាអសន្តិសុខស្បៀងនោះទេ ប៉ុន្តែបើយើងមើលទិដ្ឋភាពសកលលោក ប្រជាជនដែលជួបប្រទះអសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺភាគច្រើនជាអ្នកដែលមានបញ្ហាកង្វះទឹកស្អាតបរិភាគ កង្វះបង្គន់អនាម័យ កង្វះការមានទម្លាប់លាងសម្អាតដៃ និងកង្វះចំណេះដឹងក្នុងការថែរក្សាកុមារ ជាដើម ៕

ប្រភព ៖ គណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner