ក្រសួងបរិស្ថាន កំពុងពង្រឹងមន្រ្តីបង្គោល ដើម្បីកាត់បន្ថយការបំពុលខ្យល់ពីយានយន្ត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូ សហការរៀបចំសិក្ខាសាលាស្តីពី យានយន្ត និងឥន្ធនៈស្អាតនៅកម្ពុជា ដើម្បីចែករំលែកព័ត៌មាន និងពង្រឹងចំណេះដឹងដល់មន្ត្រីបង្គោលរាជរដ្ឋាភិបាល សំដៅរួមគ្នាកាត់បន្ថយការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជានិងសកល។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ ២៤-២៥ ខែឧសភា ឆ្នាំ ២០២៣ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីរាជរដ្ឋាភិបាល មន្រ្តីជំនាញបរិស្ថានសហប្រជាជាតិ និងអ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មផងដែរ។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងចំណេះដឹង និងសមត្ថភាពមន្ត្រីបង្គោលរាជរដ្ឋាភិបាលលើស្ដង់ដារបញ្ចេញសារធាតុបំពុលខ្យល់ពីរថយន្ត ការត្រួតពិនិត្យការបញ្ចេញសារធាតុបំពុលខ្យល់ពីរថយន្ត និងគុណភាពប្រេងឥន្ធនៈ និងរថយន្តដែលប្រើប្រាស់រួច ។ ពិភាក្សាលើការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ស្ដង់ដារប្រេងឥន្ធនៈ និងរថយន្តប្រភេទ៦ (EURO 6) នៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយការចាប់ផ្តើមអនុវត្តគម្រោងស្តីពីភាពស្អាត និងសុវត្ថិភាពនៃយានយន្តដែលប្រើប្រាស់រួច។

ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការបំពុលខ្យល់ក៏កំពុងកើតមានឡើងនៅក្នុងទីក្រុងធំៗជាច្រើនជុំវិញពិភពលោក ហើយមានជះផលប៉ះពាល់រយៈពេលខ្លីនិងវែងចំពោះសុខភាពសាធារណៈ។ឯកឧត្តមបន្តថា បញ្ហាប្រឈមមួយនៅក្នុងថ្នាក់តំបន់និងថ្នាក់សកលឥទ្ធិពលរបស់វាអត់មានដែនកំណត់ ហើយក៏មានផលប៉ះពាល់វែងឆ្ងាយជាមួយនឹងការបំពុលខ្យល់។ សិក្ខាសាលានេះក៏ជាឱកាសមួយសម្រាប់យើងនៅក្នុងការចូលរួមជាមួយគ្នានិងស្វែងយល់អំពីដំណោះស្រាយដ៏ច្នៃប្រឌិតនៃការបំពុលខ្យល់ ដោយមានអ្នកជំនាញធ្វើគោលនយោបាយ និងអ្នកតំណាងពីឧស្សាហកម្ម។យើងនឹងពិភាក្សាអំពីសក្តានុពលក្នុងការធ្វើដំណើរឆ្ពោះទៅរកស្តង់ដារបញ្ចេញឧស្ម័នដ៏ម៉ឺងម៉ាត់និងគុណភាពឥន្ធនៈដើម្បីកាត់បន្ថយការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជា។ យើងនឹងពិនិត្យទៅលើបញ្ហាប្រឈម និងឱកាសដើម្បីអនុវត្តនូវការប្តេជ្ញាចិត្តមួយនេះ»។

មន្រ្តីកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) លោកស្រី Yeonju Jeong មានប្រសាសន៍ថា សិក្ខាសាលានេះ ដើម្បីទទួលមតិពីអ្នកចូលរួមមកពីភាគីពាក់ព័ន្ធ ហើយក៏សូមអរគុណដល់ក្រសួងបរិស្ថានដែលសហការរៀបចំឡើង ដែលជាកិច្ចការដ៏ល្អហើយក៏នឹងផ្តល់នូវក្តីរំភើបទៅលើយានយន្ត និងឥន្ធនៈស្អាតនៅកម្ពុជា។ លោកស្រីថា៖«គឺយើងគាំទ្រមធ្យោបាយធ្វើដំណើរប្រកបដោយចីរភាព និងធ្វើការជាមួយប្រទេសកម្ពុជាទៅលើបញ្ហានេះ នៅក្នុងការវាយតម្លៃទៅលើប្រសិទ្ធផលឥន្ធនៈនៅក្នុងប្រទេសកម្ពុជា និងការកសាងសមត្ថភាព ទាក់ទងទៅលើការត្រួតពិនិត្យការបញ្ចេញឧស្ម័ន និងយានយន្ត»។

អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានលោក កែ វង្សវឌ្ឍនា បានឱ្យដឹងថា ការបំពុលខ្យល់ធ្វើឱ្យមាននូវបញ្ហាដ៏ធ្ងន់ធ្ងរដែលជះឥន្ធិពលទៅលើសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច ហើយការបំពុលខ្យល់មិនអាចពិចារណាថាជាបញ្ហាក្នុងតំបន់ទេ ប៉ុន្តែក៏ជាបញ្ហាថ្នាក់សកលផងដែរ។
លោកថា៖«នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសដ៏ទៃទៀតដែរ ការអភិវឌ្ឍសេដ្ឋកិច្ចគឺកំពុងតែបង្កើននូវកម្រិតនៃភាគល្អិតនៃខ្យល់និងសារធាតុបំពុលផ្សេងៗទៀតដែលបញ្ចូលទៅក្នុងបរិស្ថាន។ ប្រភពចម្បងៗនៃការបំពុលបរិស្ថានរួមមាន ទាំងការមធ្យោបាយធ្វើដំណើរ ឧស្សាហកម្ម និងការដុតជីវម៉ាស»។

លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដើម្បីកាត់បន្ថយការបំពុលខ្យល់ នៅក្នុងប្រទេសរួមទាំងការបង្កើននិងការអនុវត្តគោលនយោបាយនិងបទបញ្ញត្តិ ក្នុងការគ្រប់គ្រងនូវការបំភាយឧស្ម័ន និងលើកទឹកចិត្តឱ្យមានថាមពលកកើតឡើងវិញ ព្រមទាំងបង្កើនឱ្យមានការយល់ដឹងជាសាធារណៈ និងសហការជាមួយនឹងអង្គការអន្តរជាតិ។ លោកថា៖«ខ្ញុំជឿថាសិក្ខាសាលានេះ ជាវេទិកាដ៏មានតម្លៃក្នុងការចែករំលែក និងការផ្លាស់ប្តូវនូវការអនុវត្តល្អៗទាំងមេរៀនពីអ្នកចូលរួម និងប្រទេសដ៏ទៃទៀតដែលអាចបង្កើតដំណោះស្រាយ និងមានប្រយោជន៍លើផ្នែកបរិស្ថាន»។

យោងតាមរបាយការណ៍ UNEP ការបំពុលខ្យល់គឺជាការគំរាមកំហែងបរិស្ថានដ៏ធំជាងគេចំពោះសុខភាពសាធារណៈនៅទូទាំងពិភពលោក និងបណ្តាលឱ្យមនុស្សស្លាប់ជាងប្រាំពីរលាននាក់ជារៀងរាល់ឆ្នាំ៕ ដោយ៖ សុខ រក្សា

ads banner