ទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន៖ សង្រ្គាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ តែសង្គ្រាមអាចបញ្ចប់បានដោយការចរចារ និងការសន្ទនា
កំពង់ធំ៖ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា បានលើកឡើងថា ទស្សនៈរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្គ្រាមបាននោះទេ តែសង្គ្រាមអាចបញ្ចប់បានដោយការចរចារ និងការសន្ទនា ដោយគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាពជាតិ ឯករាជ្យភាពជាតិ និងបូរណភាពទឹកដី។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន និងជាសមាជិករដ្ឋសភាអាណត្តិទី៦ បានថ្លែងដូច្នេះនៅថ្ងៃទី២៥ ឧសភា ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ៥០០នាក់ ដោយរួមដំណើជាមួយឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ, លោក Pyung-rock Park អនុប្រធានប្រតិបត្តិរដ្ឋាករទឹកកូរ៉េ (K-Water) និងជាប្រធានស្តីទីនៃក្រុមប្រឹក្សាទឹកអាស៊ី(AAWC) លោក Jae ill Byun ប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ីអំពីគម្រោងសុខុមាលភាពទឹកនៅកម្ពុជា និងលទ្ធភាពអនុវត្តគម្រោងនៅក្នុងខេត្តកំពង់ធំ និងបន្តទៅទស្សនកិច្ចនៅប្រាសាទសំបូរព្រៃគុក និងទស្សនកិច្ចសកលវិទ្យាល័យតេជោសែនកំពង់ធំ ។

ឯកឧត្តម ងួន រាសី បានដឹងឱ្យថា ការផ្គត់ផ្គង់ទឹកនៅក្រុងស្ទឹងសែន មានសង្កាត់ចំនួន០៨ ហើយបច្ចុប្បន្ន បានទទួលការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ពីអង្គភាពរដ្ឋាករទឹកកំពង់ធំ ដែលជាស្ថាប័នរបស់រដ្ឋ និងពីរោងចក្រប្រព្រឹត្តកម្មទឹកក្រុងស្ទឹងសែនទី២ ដែលជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែឧសភា ។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ថ្មីៗនេះក្រសួងបានដាក់ផែនការឱ្យរដ្ឋាករទឹកស្អាតពង្រីកការផ្គត់ផ្គង់ទឹកស្អាតទៅកាន់ឃុំ២ បន្ថែមទៀត គឺឃុំព្រៃគុយ និងឃុំត្រពាំងឫស្សី ស្ថិតនៅស្រុកកំពង់ស្វាយ ដែលមានប្រជាជនប្រមាណ ៥.០០០គ្រួសារ ។

ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងនូវចំណុចសំខាន់ៗ ដើម្បីសម្រេចបានសន្តិភាពរួមមាន៖ កិច្ចសហប្រតិបត្តិការពហុភាគី ការអភិវឌ្ឍយុវជន ភាពជាដៃគូរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ការគោរពចំពោះទស្សនៈ និងជំនឿខុសៗគ្នា និងការជំរុញការសិក្សាស្រាវជ្រាវ និងសហប្រតិបត្តិការរវាងធនាគារខួរក្បាល។

ជាមួយគ្នានេះដែរ លោក Pyung-rock Park បានឲ្យដឹងដែរថា មិត្តភាពកម្ពុជា-កូរ៉េ គឺរក្សាទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ហើយលោកឃើញថា ប្រទេសកម្ពុជា ពិតជាមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ៕ ដោយ៖ ប៊ុន រដ្ឋា