លោក ពូទីន៖ ជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់កំពុងឆ្ពោះទៅរកដំណោះស្រាយ

មូស្គូ៖ មេដឹកនាំអាមេនី និងអាស៊ែបៃហ្សង់ នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ បន្ទាប់ពីការទទួលស្គាល់គ្នាបូរណភាពទឹកដីទៅវិញទៅមក។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ស្ថានភាពកំពុងវិវត្តឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីរវាងអាមេនី និងអាស៊ែបៃហ្សង់។ លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា ទោះបីជាមានការលំបាក ហើយបញ្ហាទាំងអស់នៅតែមានក៏ដោយ តែស្ថានភាពកំពុងវិវត្តឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ជម្លោះណាហ្គូណូ-ការ៉ាបាក់។

លោក ពូទីន បន្ថែមថា អនុនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីនឹងជួបប្រជុំគ្នាក្នុងរយៈពេលមួយសប្តាហ៍នៅទីក្រុងមូស្គូ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ទាក់ទងនឹងការបើកទំនាក់ទំនងដឹកជញ្ជូនរវាងអាស៊ែបៃហ្សង់ និងអាមេនីឡើងវិញ។

សូមបញ្ជក់ថា នាយករដ្ឋមន្ត្រីអាមេនី លោក នីខូល ផាស៊ីនយ៉ាន និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយេវ បានជួបដាច់ដោយឡែកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅមុនពេលអ្នកទាំងបីធ្វើការចរចារួមគ្នាកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។

កិច្ចពិភាក្សាខាងលើ ធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏សាហាវនាពេលថ្មីៗនេះរវាងប្រទេសជិតខាងទាំងពីរ ដែលត្រូវបានជាប់គាំងនៅក្នុងជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍ សម្រាប់ការគ្រប់គ្រងតំបន់ណាហ្គូណូ-ការ៉ាបាក ដែលមានប្រជាជនរស់នៅច្រើនលើសលុបរបស់ប្រទេសអាស៊ែបៃហ្សង់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner