អគ្គិភ័យ លេបត្របាក់អគារកម្ពស់ ៧ជាន់នៅអូស្ត្រាលី

ស៊ីដនី៖ អ្នកពន្លត់អគ្គីភ័យជាង ១៣០នាក់បានប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលភ្លើងឆេះយ៉ាងសន្ធោសន្ធៅបានលេបត្របាក់អគារកម្ពស់ ៧ជាន់នៅកណ្តាលទីក្រុងស៊ីដនី រដ្ឋ New South Wales (NSW) របស់ប្រទេសអូស្រ្តាលី។

អគ្គនាយកផ្នែកពន្លត់អគ្គិភ័យ និងជួយសង្គ្រោះរដ្ឋ (NSW) លោក Adam Dewberry បានប្រាប់សារព័ត៌មាន AFP ថា អគ្គិភ័យបានធ្វើឱ្យរចនាសម្ព័ន្ធអគារដួលរលំ ហើយអាចបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងដល់ក្រុមពន្លត់អគ្គីភ័យ។ លោកបន្តថា អ្នកពន្លត់អគ្គិភ័យជាង ១៣០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ៣០គ្រឿងត្រូវបានទៅកាន់ទីតាំងកើតហេតុ ដើម្បីពន្លត់អគ្គិភ័យ។

លោកបន្ថែមថា យើងបានបញ្ឈប់ភ្លើងដែលឆេះរាលដាលដល់អគារដែលនៅជាប់គ្នា ហើយនោះគឺជាដំណឹងល្អ ប៉ុន្តែអគារដែលឆេះដំបូងត្រូវបានបំផ្លាញ។ សេវាពន្លត់អគ្គិភ័យបាននិយាយថា អ្នកពន្លត់អគ្គិភ័យម្នាក់បានរងរបួសរលាកដៃស្តាំតិចតួច ប៉ុន្តែមិនត្រូវការព្យាបាលនៅមន្ទីរពេទ្យទេ ហើយថា ការពន្លត់អគ្គីភ័យនឹងបន្តពេញមួយយប់។

ស្របពេលជាមួយគ្នានេះដែរ អភិបាលរដ្ឋ New South Wales (NSW) បានជំរុញឱ្យប្រជាជនរស់នៅក្បែរទីតាំងកើតហេតុមានការប្រុងប្រយ័ត្ន ដោយលោកបានបង្ហោះសារនៅលើបណ្តាញសង្គមថា សាធារណជនទូទៅត្រូវបានណែនាំឲ្យចៀសវាងការធ្វើដំណើរទៅកាន់តំបន់នេះ ខណៈដែលប្រតិបត្តិការពន្លត់អគ្គិភ័យនៅតែបន្ត។

គិតមកទល់ពេលនេះ មិនមានរបាយការណ៍ផ្សេងទៀតពីអ្នករងរបួស ឬស្លាប់ដោយសារគ្រោះអគ្គីភ័យ ដែលបានឆាបឆេះនៅក្នុងអគារមួយកន្លែង ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីរាយការណ៍ថា ជាអតីតរោងចក្រផលិតមួកដែលត្រូវបានចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌនៅឡើយទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner