កិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ
សៀមរាប៖ ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាន បានរៀបចំកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (The 14th ASEAN Working Group on Climate Change) ក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងជាឧត្តមមន្ត្រីបរិស្ថានអាស៊ាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

កិច្ចប្រជុំនេះធ្វើសហប្រធាន និងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាជនបង្គោលក្រុមការងារអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ (AWGCC) និងលោក Ahmad Farid Mohammed ប្រធានប្តូរវេន AWGCC – ម៉ាឡេស៊ី ដោយមានការចូលរួមពីលេខាធិការដ្ឋានអាស៊ាន តំណាងរដ្ឋសមាជិកអាស៊ាន ថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៩៥រូប នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣

ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម វ៉ាន់ មុនីនាថ បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងការចូលរួមជាមួយអាស៊ាន និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើការរស់នៅរបស់ប្រជាជន និង ដំណើរការអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ។
ឯកឧត្តម បន្តថា សុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់កាលានុវត្តភាពដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាន ជាពិសេសការគិតគូរលើការងារប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិជាបន្តបន្ទាប់។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានផ្តួចផ្តើមគំនិតស្តីពី “កិច្ចព្រមព្រៀងបៃតងអាស៊ាន” ក្នុងគោលបំណងណែនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង ការអភិវឌ្ឍដែលបញ្ចេញកាបូនិចនិងប្រកបដោយចីរភាព។ ជាងនេះទៅទៀត ក្នុងនាមជាប្រធានក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុន កម្ពុជាបានដឹកនាំរៀបចំនិងដាក់ជូននូវសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កិច្ចសន្និសីទលើកទី២៧នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅអេហ្ស៊ីប ។

ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រធាន និងសមាជិកក្រុមការងារប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសំខាន់ៗ សម្រាប់កិច្ចខិតខំប្រឹងប្រែងចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុនាពេលកន្លងមក និងសង្ឃឹមយ៉ាងមុតមាំដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយបណ្តាប្រទេសក្នុងតំបន់ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅអនុវត្តសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសឱ្យកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង។

កិច្ចប្រជុំបានពិភាក្សា និងពិនិត្យទៅលើរបៀបវារៈសំខាន់ៗលើផែនការសកម្មភាពរបស់ AWGCC រួមមាន៖ (១) វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់AWGCC និងទស្សនទានគម្រោងអាទិភាព ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន រួមទាំងកិច្ចសហការក្រៅតំបន់ជាមួយដៃគូអភិវឌ្ឍន៍នានា (២) ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ (៣) ផែនការនិងការវាយតម្លៃរយៈវែងសម្រាប់របាយការណ៍ NDC (៤) ហិរញ្ញប្បទានអាកាសធាតុ និងទីផ្សារ (៥) ការសម្របសម្រួលអន្តរវិស័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការផ្ទេរបច្ចេកវិទ្យា (៦)ការពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូពាក់ព័ន្ធ (៧)ការចូលរួមរបស់អាស៊ាននិងការរៀបចំដំណើរឆ្ពោះទៅកាន់សន្និសីទលើកទី២៨ (COP28) ៕

ដោយ / គ្រី សម្បត្តិ