អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ក្រុមអង្គការសមាគមមួយចំនួនបញ្ចុះបញ្ចូលមនោគមន៍វិជ្ជានយោបាយទៅសមាជិករបស់ខ្លួន ឱ្យក្រោកឡើងប្រឆាំងតវ៉ាជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងប្រាប់ AMS ថា មានក្រុមអង្គការ សមាគម មួយចំនួនបែងចែកកិច្ចការងារធ្វើដើម្បីប្រមូលផ្តុំសមាជិកបញ្ចុះបញ្ចូលមនោគមន៍វិជ្ជានយោបាយទៅសមាជិករបស់ខ្លួន និងអូសទាញសមាជិករបស់ខ្លនឱ្យក្រោកឡើងប្រឆាំងតវ៉ាជាមួយរាជរដ្ឋាភិបាល និងដើម្បីឈានទៅដល់ការដឹកនាំចលនាបះបោរទម្រង់ទ្រង់ទ្រាយធំមួយ ចង់ទាញទម្លាក់រដ្ឋាភិបាលដែលកើតចេញអំពីការបោះឆ្នោតពីឆន្ទៈប្រជាពលរដ្ឋឱ្យធ្លាក់ពីអំណាចតែម្តង។ រាល់សារ រាល់ភាសា និងពាក្យពេជន៍ដែលពួកគេនិយាយបញ្ជ្រាបទៅសមាជិកសមាគមរបស់ពួកគេ ឬសមាជិកសហជីព កម្មកររបស់ពួកគេ គឺសុទ្ធតែជាសារនយោបាយញុះញង់សុទ្ធសាធ។

លោកបន្តថា សកម្មភាពរបស់ពួកគេ គឺឃើញថាភាគច្រើនវាមិនមែនជាសកម្មភាពបែបសង្គមស៊ីវិលដែលធ្វើការក្នុងនាមជាដៃគូរបស់រាជរដ្ឋាភិបាល ដូចដែលសង្គមស៊ីវិលនៅតាមបណ្ដាប្រទេសផ្សេងៗលើពិភពលោកទេ គឺជាសកម្មភាពនយោបាយសុទ្ធសាធដែលបម្រើនិន្នាការនយោបាយ បម្រើគណបក្សនយោបាយដែលពួកគេគាំទ្រ និងជាលក្ខណៈប្រព័ន្ធ។ ប៉ុន្តែគ្រាន់តែពួកគេបង្កប់ជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិល គេមិនចេញមុខចំហរថាគេគាំទ្របក្សណាទេ។ ប៉ុន្តែសកម្មភាពរបស់ពួកគេ គឺឃើញច្បាស់ហើយគេគាំទ្របក្សណាដើម្បីប្រយោជន៍អីនោះ គឺយើងឃើញច្បាស់ ប៉ុន្តែគេគ្រាន់តែយកពាក្យសង្គមស៊ីវិលជាអង្គការសមាគមឯករាជ្យនេះមកធ្វើជាខែល ដើម្បីបិទបាំងនូវនយោបាយទុច្ចរិតដែលនៅក្នុងសកម្មភាពជាក់ស្ដែងអ្នកពួកគេធ្វើតែប៉ុណ្ណោះ។

លោក សេរីរដ្ឋា បានបញ្ជាក់ថា “អ្វីដែលរាជរដ្ឋាភិបាលបានរកឃើញនូវភស្តុតាងពាក់ព័ន្ធនឹងការជួបជុំសមាជិកដោយមិនគោរពតាមច្បាប់លក្ខន្តិកៈរបស់សមាគមរបស់ខ្លួនឯង ហើយដែលបំពានទៅលើគេហៅថាសិទ្ធិសេរីភាពរបស់ប្រជាកសិករ ជាពិសេសគឺសេរីភាពរបស់សមាជិករបស់សមាគមខ្លួនតែម្ដងរហូតដល់មានការប្រមូលទូរស័ព្ទអ្នកដែលចូលរួមទាំងអស់ទុកមួយកន្លែង កាច់កាមេរ៉ាចុះក្រោម រួចហើយធ្វើសកម្មភាពអូសទាញបញ្ចុះបញ្ចូលសារនយោបាយឱ្យក្រោកឡើងប្រឆាំង បះបោរចលនាអីមួយដើម្បីរហូតក្លាយទៅជាគេហៅថាអាចក្លាយទៅជាបដិវត្តន៍កសិករទ្រង់ទ្រាយធំមួយ ដើម្បីទម្លាក់រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត នេះមិនមែនជាការងាររបស់អង្គការសមាគមទេមិនមែនជាអង្គការសមាគមស៊ីវិលធ្វើការងារអញ្ចឹងទេ វាមានតែកិច្ចការរបស់ចលនានយោបាយបក្សនយោបាយ ហើយបើបក្សនយោបាយទៀតសោតធ្វើអ៊ីចឹងក៏វាអត់ត្រូវដែរ ពីព្រោះបក្សនយោបាយបង្កើតឡើងសម្រាប់ចូលរួមការបោះឆ្នោតស្របតាមរបៀបរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានកំណត់នៅក្នុងអាណត្តិនីមួយៗ គឺចូលរួមបោះឆ្នោតទាល់តែដល់ពេលយុទ្ធនាការបោះឆ្នោតបានធ្វើការឃោសនាបោះឆ្នោត ហើយទទួលបានសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅក្នុងអាណត្តិ គឺថាដឹកនាំនៅក្នុងអណត្តិរបស់ខ្លួន បើមិនទទួលបានសំឡេងឆ្នោតទេ គឺអត់បានទទួលសិទ្ធិដឹកនាំនៅក្នុងអាណត្តិទេ។ នេះបើចំពោះនយោបាយរបស់គណបក្សនយោបាយ។ ប៉ុន្តែនេះជាអង្គការសង្គមស៊ីវិល ដែលចុះបញ្ជីជាអង្គការសមាគម ប៉ុន្តែទៅធ្វើកិច្ចការលើសពីគណបក្សនយោបាយទៅបញ្ចុះបញ្ចូលអូសទាញប្រជាពលរដ្ឋជាក្រុមឱ្យចូលធ្លុងសកម្មភាពរបស់ខ្លួនងើបឡើងប៉ះបោរប្រឆាំងរដ្ឋាភិបាល វាទៅជាចលនាឧទ្ទាម។ វាទៅជាចលនាយោបាយដែលមិនត្រូវច្បាប់ ហើយដែលយើងអាចចាត់ទុកថាជាចលនានយោបាយបង្កបង្កើតទៅជាបដិវត្តន៍កសិករមួយ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រឆាំងនឹងសន្តិភាពដែលកំពុងតែផ្ដល់ម្លប់ៗជូនជាតិមាតុភូមិនិងមានការអភិវឌ្ឍរុងរឿងដូចបច្ចុប្បន្ននេះ”។

អ្នកតាមដានព្រឹត្តិការណ៍រូបនេះ បានបន្តថា ពួកគេមានចេតនាទុច្ចរិតអ៊ីចឹងការចាប់ការឃាត់ខ្លួន និងការសម្រេចរបស់តុលាការ គឺមើលឃើញថាជាការសម្រេចតាមផ្លូវច្បាប់ហើយស្របច្បាប់ ពីព្រោះជនណាក៏ដោយបើសិនជាបំភ្លេចបំផ្លាញស្ថេរភាពនយោបាយ បំភ្លេចបំផ្លាញសន្តិភាព បំភ្លេចបំផ្លាញសុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺវាខុសច្បាប់ធ្វើសកម្មភាពហ្នឹងវាខុសច្បាប់។ តុលាការកាលណាមានភស្តុតាងគ្រប់គ្រាន់ មានឯកសារគ្រប់គ្រាន់ រួមជាមួយនឹងសកម្មភាពជាក់ស្ដែងដែលពួកក្រុមជនសង្ស័យបានកំពុងនឹងធ្វើនោះ វាគ្រប់គ្រាន់ និងយកច្បាប់អនុវត្តហើយ ពីព្រោះយើងឃើញថា បើទោះបីជាមានការស្រែកតវ៉ាទាមទារអំពីសហគមន៍អន្តរជាតិខ្លះបរទេសខ្លះ ប៉ុន្តែលោកគិតថា ក្រុមសហគមន៍អន្តរជាតិ ឬបរទេសដែលស្រែកទាមទារការពារជនប្រភេទហ្នឹង គឺប្រហែលជាអ្នកផ្ដល់ជំនួយឲ្យហ្នឹងហើយ។ ជាអ្នកផ្តល់ជំនួយឱ្យជាអ្នកផ្ដល់លុយឱ្យជាអ្នកគាំទ្រ ដើម្បីចង់ធ្វើឱ្យកម្ពុជាបាត់បង់សន្តិភាព ឱ្យកម្ពុជាបាត់បង់ស្ថេរភាព និងគ្មានលំនឹងនយោបាយជា ពិសេសនៅដំណាក់កាលដែលកម្ពុជាកំពុងតែត្រៀមលក្ខណៈរៀបចំការបោះឆ្នោត នីតិកាលទី៧ ដែលនឹងមកដល់នៅក្នុងរយៈពេល៦០ថ្ងៃទៀតនេះ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សនយោបាយទាំងអស់ដែលគេជាក្រុមអ្នកប្រជាធិបតេយ្យសេរីពិតប្រាកដ គឺគេបានចុះបញ្ជីបេក្ខជនចូលរួមប្រកួតតាមការបោះឆ្នោតហើយ វាមានតែគណបក្សនយោបាយដែលមើលងាយការបោះឆ្នោត ហើយដែលមិនឱ្យតម្លៃទៅលើសំឡេងឆ្នោត លទ្ធផលឆ្នោតរបស់ប្រជាពលរដ្ឋ តែងតែរកលេសគ្រប់សព្វបែបយ៉ាងពន្យារពេល ឬក៏អូសបន្លាយពេលវេលាទៅស៊ីឡាក់នៅឯទីចុងក្រោយដើម្បីប្រជាប្រិយភាពអីមួយ តែវាមិនបានសម្រេចទៅវាទៅជារឿងមួយផ្សេង។

ប្រភពដដែលបានសង្កត់ធ្ងន់ថា ក្រុមនយោបាយដែលពួកគេបង្កប់នៅក្រោមស្លាកអង្គការសង្គមស៊ីវិលនេះ គឺមិនមែនទើបតែមានមួយករណីហ្នឹងទេ វាមានច្រើនករណី ហើយវាមានច្រើនទៀតអង្គការសមាគម ឬក៏សហជីពដែលពួកគេបង្កើតទទួលលុយគាំទ្រពីបរទេសយកមកធ្វើសកម្មភាពបំភ្លេចបំផ្លាញសន្តិភាព និងសុវត្ថិភាព ស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជា គឺជាចេតនារបស់ពួកគេដើម្បីធ្វើយ៉ាងម៉េចចង់ឱ្យកម្ពុជាហ្នឹង គឺថាវិលត្រឡប់អតីតកាលមួយវិញដែលមានតែការបែកបាក់។ …ពួកគេធ្វើចលនាកក្រោមស្លាកអង្គការ សហជីព ឬក៏សមាគមសង្គមស៊ីវិល ក៏ប៉ុន្តែតាមពិត គឺជាសកម្មជននយោបាយ ដែលធ្វើសកម្មភាពស្របតាមរបៀបវារៈនយោបាយ និងបេសកកម្មនយោបាយតែមួយ ដែលមានមេ មានកើយ មានបក្ស មានអ្នកដឹកនាំច្បាស់លាស់មួយ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងចង់ធ្វើយ៉ាងម៉េចឱ្យមានការប៉ះបោរងើបឡើងរបស់ប្រជាពលរដ្ឋតាមការបញ្ជេះកំហឹងរបស់ពួកគេ គឺទាមទារទម្លាក់រដ្ឋាភិបាលដែលស្របច្បាប់ពីអំណាច។ អ៊ីចឹងកម្ពុជាមានច្បាប់ កម្ពុជាមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយក៏មានច្បាប់គ្រប់គ្រងអង្គការសមាគម គណបក្សនយោបាយ ហើយក្រៅពីហ្នឹងក៏មានច្បាប់ជាច្រើនថែមទៀត ដែលនីតិវិនិច្ឆ័យ ឬក៏ប្រព័ន្ធតុលាការរបស់កម្ពុជាយកមកប្រើប្រាស់ ដើម្បីការពារសុខសន្តិភាពជូនប្រជារាស្រ្ត ដើម្បីការពារឱ្យកម្ពុជាឆ្លងផុតនៅរឿងរ៉ាវគ្រប់សព្វបែបយ៉ាងទាំងអស់ដែលជារឿងអាក្រក់ ពីព្រោះកម្ពុជាពេលនេះកំពុងតែរស់នៅក្នុងសុបិនសន្តិភាពមួយដ៏ល្អ ដែលសហគមន៍អន្តរជាតិ ពិភពលោកគេទទួលស្គាល់ ក្រោយពេលមានវិបត្តិកូវីដ-១៩។ ឥឡូវនេះ បើសិនជាមានជនណាមួយដែលគាត់ប្រព្រឹត្តមិនត្រឹមត្រូវ លោកគាំទ្រនូវទង្វើអនុវត្តច្បាប់ ដើម្បីការពារនូវសមិទ្ធផលសន្តិភាព និងធ្វើឱ្យកម្ពុជាមានសន្តិភាពរុងរឿងជាអមតៈ កុំឱ្យកម្ទេចកម្ទីកករល្អក់បន្តិចបន្តួចដោយជនដែលចង់ធ្វើ​​ឱ្យកម្ពុជាច្របូលច្របល់នេះ គឺថាប៉ះពាល់ខូចប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ដែលកំពុងរស់នៅសុខសាន នៅក្នុងយុគសម័យសន្តិភាពនេះ៕
ដោយ៖ពលជ័យ

ads banner