ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ ឥឡូវនេះយើងទៅណាក៏ដោយគេតែងនិយាយថាខ្មែរអាចធ្វើបាន ឱ្យតែខ្មែរសាមគ្គីគ្នា
ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើថា ឥឡូវនេះយើងទៅណាក៏ដោយេគតែងនិយាយថាខ្មែរអាចធ្វើបាន ឱ្យតែខ្មែររូបរួមសាមគ្គីគ្នា។ ឯកឧត្តម បន្តថា ខ្មែរអាចធ្វើបាន គឺឱ្យតែខ្មែរស្រលាញ់គ្នា នោះយើងធ្វើអ្វីៗនិងទទួលបានជោគជ័យជាមិនខាន ជាក់ស្តែងការងារជោគជ័យទៅលើការងារប្រយុទ្ធប្រឆាំងទៅនិងជំងឹកូវីដ១៩, ការរៀបទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣នេះ ខ្មែរយើងធ្លាប់តែបានលេខក្រោមគេបំផុតមកទទួលបានចំណាត់ថ្នាក់លេខ៤ នៅក្នុងការទទួលបានមេដាយច្រើននៅក្នុងការប្រគួតកីឡានេះ ហើយការរៀបចំបានយ៉ាងល្អបំផុត និងទទួលបានការកោតសរសើរ នៅទូទាំងពិភពលោក ដែលថ្នាក់ដឹកនាំប្រទេសមួយចំនួនបានកោតសរសើរថាខ្មែរអស្ចារ្យ។ ទាំងនេះគឺជាមោទនភាពមួយ ដែលប្រទេសយើងធ្លាប់តែជាប្រជាជាតិមួយគេមើលងាយ ឥឡូវគេកោតសរសើរ គេមើលឃើញខ្មែរជាប្រទេសមួយដែលមានការរីកចំរើន។
ការលើកឡើង របស់ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ក្នុងពិធីជួបសំណេះសំណាលជាមួយមេគ្រួសារបក្សចំនួន ២៣០០នាក់ នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។
ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍន៍ មានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់គ្រួសារបក្សទាំងអស់ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា