កម្ពុជាត្រៀមខ្លួនសហការជាមួយសាធារណរដ្ឋកូរ៉េក្នុងការជំរុញសេដ្ឋកិច្ចបៃតង

«ពិតមែនតែកម្ពុជាគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុតក្តី ក៏យើងកំពុងរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកលនានា ជាពិសេសតាមរយៈការចូលរួមអនុវត្តកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិទាំងអស់ដែលកម្ពុជាបានផ្តល់សច្ចាប័ន។» ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា តំណាង ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំក្នុងកម្មវិធីបណ្តាញបៃតងសកលកូរ៉េ២០២៣ (Global Green Hub Korea 2023) ក្រោមអធិបតីភាព ឯកឧត្ដម ហាន ឌុកស៊ូ នាយករដ្ឋមន្ត្រីសាធារណ:រដ្ឋកូរ៉េ និងការចូលរួមពីតំណាងបណ្ដាប្រទេសក្នុងតំបន់ ស្ថាប័នរដ្ឋាភិបាលកូរ៉េ វិស័យឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ សរុបប្រមាណជាង៤០០ នាក់ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៣ នៅសាថារណរដ្ឋកូរ៉េ។

ឯកឧត្តម ទិន ពន្លក បានបន្ថែមថា សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ បានផ្តល់ឱកាសដល់កម្ពុជាអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យកម្ពុជាសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយប្តេជ្ញាសម្រេចគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយធានាបាននូវបរិយាបន្នសង្គម និងនិរន្តរភាពបរិស្ថាន។

ឯកឧត្តមប្រធានប្រតិភូកម្ពុជា ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាផែនការនានាដែលកំពុងអនុវត្ត សំដៅរជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជា ពោលគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលបញ្ចេញកាបូនតិច ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ។ ជាពិសេស កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន នៅត្រឹមឆ្នាំ២០៥០ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអាស៊ានទី១ ដែលបានដាក់ចេញយុទ្ធសាស្ត្រជាមួយគោលដៅជាក់លាក់ ក្នុងការសម្រេចបាននូវសមតុល្យសូន្យនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ២០៥០។

ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតានេះ កម្ពុជាបានដាក់ចេញនូវផែនការជាក់លាក់ក្នុងការអភិរក្សនិងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ការកាត់បន្ថយការបញ្ចេញកាបូនពីវិស័យថាមពលនិងឧស្សាហកម្ម ការជំរុញប្រសិទ្ធភាពថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រងនិងកែច្នៃសំណល់ ការអនុវត្តកសិកម្មដែលបញ្ចេញកាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតងនិងនវានុវត្តន៍។

ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូទ្វេភាគី ជាមួយបណ្តាប្រទេសដែលមានចក្ខុវិស័យរួម គឺជាកត្តាចាំបាច់មួយដែលធានានូវជោគជ័យនៃការអភិវឌ្ឍបៃតង ហើយសាធារណរដ្ឋកូរ៉េ ក្នុងនាមជាប្រទេសឈានមុខមួយក្នុងវិស័យនេះ មានតួនាទីសំខាន់នៅក្នុងការចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា និងអនុវត្តសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ជាពិសេសការគ្រប់គ្រងសំណល់ ហិរញ្ញប្បទានបៃតង ដំណោះស្រាយផ្អែកលើធម្មជាតិ សហគ្រិនភាព បច្ចេកវិទ្យាបៃតង និងការកសាងសមត្ថភាព។

ឯកឧត្តមក៏បានរំលេចនូវវឌ្ឍនភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋកូរ៉េ ជាអាទិ៍ ការរៀបចំ និងអនុវត្ត យុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា ផែនទីបង្ហាញផ្លូវសម្រាប់ការប្រើប្រាស់និងផលិតកម្មប្រកបដោយនិរន្តរភាព គោលការណ៍ណែនាំនិងវិញ្ញាបនបត្រកម្មអគារបៃតង។ល។ ឯកឧត្តមបានលើកទឹកចិត្តឲ្យមានការគាំទ្រ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីភាគីកូរ៉េខាងត្បូង ជាពិសេសតាមរយៈការវិនិយោគឯកជន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតងនៅកម្ពុជា ក្នុងវិស័យគ្រប់គ្រង និងកែច្នៃសំណល់ ថាមពលនិរន្តរភាព ដំណោះស្រាយផ្អែកលើធម្មជាតិ គម្រោងឥណទានកាបូន ហិរញ្ញប្បទានបៃតង សហគ្រិនភាពបច្ចេកវិទ្យាបៃតង ការអភិវឌ្ឍធនធានមនុស្ស និងការទូតបៃតង។

ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគបៃតង និងបច្ចេកវិទ្យាបៃតង ហើយរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយដ៏រឹងមាំ និងការដឹកនាំប្រកបដោយការប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងពិភពលោកប្រកបដោយវិបុលភាព បរិយាបន្ន មាធន់នឹងអាកាសធាតុ និងអព្យាក្រឹត្យកាបូន។

សូមបញ្ចាក់ថា ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីបណ្តាញបៃតងសកលកូរ៉េ២០២៣ (Global Green Hub Korea 2023) គណៈប្រតិភូកម្ពុជាបានជួបប្រជុំការងារ ជាមួយលោក ហឿង យីនឆយ ប្រធានវិទ្យាស្ថានឧស្យាហកម្ម និងបច្ចេកវិទ្យាបរិស្ថានកូរ៉េ (KEITI) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េ ក្នុងវិស័យគាំពារបរិស្ថាន និងប្រគល់លិខិតថ្លែងអំណរគុណ របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ចំពោះកិច្ចសហការ និងការគាំទ្ររបស់ KEITI ដល់កម្ពុជា ក្នុងវិស័យបរិស្ថាន ជូនដល់លោកប្រធានវិទ្យាស្ថាន។ គណៈប្រតិភូកម្ពុជាក៏បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនឯកជនកូរ៉េមួយចំនួន អំពីឱកាសវិនិយោគលើគម្រោងគ្រប់គ្រង និងកែច្នៃសំណល់នៅកម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner