លោក គីស៊ីដា៖ ជប៉ុននឹងបាញ់កម្ទេចមីស៊ីលកូរ៉េខាងជើង ដែលបំពានទឹកដីប្រទេសខ្លួន

តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានចេញបទបញ្ជាឱ្យកងកម្លាំងស្វ័យការពារដែនអាកាស ត្រៀមខ្លួនបាញ់កម្ទេចមីស៊ីលបាលីស្ទិកកូរ៉េខាងជើងទាំងឡាយណា ដែលអាចនឹងធ្លាក់ចូលទៅក្នុងទឹកដីប្រទេសរបស់ខ្លួន។

នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានថ្លែងអះអាងថា ប្រទេសជប៉ុនបាននិងកំពុងត្រៀមខ្លួនទៅនឹងអ្វីដែលកូរ៉េខាងជើងពណ៌នាថា ជាការបាញ់បង្ហោះផ្កាយរណបនៅប៉ុន្មានសប្តាហ៍ខាងមុខ ប៉ុន្តែជប៉ុនជឿជាក់ថា ផ្កាយរណបនោះ អាចជាមីស៊ីលផ្លោងបាលីស្ទិក។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ហាម៉ាដា យ៉ាស៊ូកាហ្ស៊ូ បានចេញបញ្ជាអោយកងកម្លាំងស្វ័យការពារត្រៀមខ្លួន បាញ់កម្ទេចរាល់មីស៊ីលបាលីស្ទិកកូរ៉េខាងជើង ដែលធ្លាក់ចូលបំពានទឹកដីប្រទេសរបស់ខ្លួន។

លោក ហាម៉ាដា បានចេញបទបញ្ជាខាងលើនៅថ្ងៃចន្ទនេះ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសពីផែនការបាញ់បង្ហោះនូវអ្វីដែលខ្លួនបានហៅថា ជាផ្កាយរណបសិប្បនិម្មិតនៅចន្លោះថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១១ ខែមិថុនា។

បើតាមក្រសួងការពារជាតិជប៉ុន ប្រទេសជប៉ុននឹងប្រើប្រាស់ប្រព័ន្ធមីស៊ីល Standard Missile-3 (SM-3) ឬ ប្រព័ន្ធមីស៊ីល Patriot ដើម្បីបាញ់កម្ទេចមីស៊ីលកូរ៉េខាងជើង ដែលបានបំពានចូលទឹកដីរបស់ប្រទេសខ្លួន៕

ប្រភព៖ AFP និងNHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner