ឥណ្ឌូនេស៊ីស្វែងរកថវិកា ៧០០លានដុល្លារ ដើម្បីដំឡើងបន្ទះសូឡាមានកម្លាំង ២០០មេហ្គាវ៉ាត់

ហ្សាការតា៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់ឥណ្ឌូនេស៊ី Perusahaan Listrik Negara ដែលហៅកាត់ថា (PLN) កំពុងស្វែងរកថវិកាវិនិយោគចំនួន ៧០០លានដុល្លារ ដើម្បីដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ (សូឡា) មានកម្លាំង ២០០មេហ្គាវ៉ាត់ ដែលនឹងជំនួសម៉ាស៊ីនភ្លើងម៉ាស៊ូត ដើម្បីកាត់បន្ថយការបំភាយកាបូន។

ផែនការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ (សូឡា) មានកម្លាំង ២០០មេហ្គាវ៉ាត់ ដែលនឹងជំនួសម៉ាស៊ីនភ្លើងម៉ាស៊ូត គឺជាផ្នែកមួយនៃគោលដៅរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីឈានដល់ការបំភាយកាបូនសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៦០។ក្រុមហ៊ុនថាមពលរដ្ឋរបស់ឥណ្ឌូនេស៊ី (PLN) គ្រោងនឹងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ (សូឡា) ៤.៦៨ជីហ្គាវ៉ាត់ នៅចន្លោះឆ្នាំ ២០២១ និង ២០៣០។

អគ្គនាយកក្រុមហ៊ុន Evy Haryadi បាននិយាយថា ការដំឡើងបន្ទះសូឡា ២០០ម៉េហ្គាវ៉ាត់ គឺជាដំណាក់កាលដំបូងនៃផែនការរយៈពេលវែង ដើម្បីជំនួសរោងចក្រថាមពលម៉ាស៊ូត ១ជីហ្គាវ៉ាត់ ជាមួយនឹងថាមពលពន្លឺព្រះអាទិត្យ។
បណ្តាប្រទេសសម្ព័ន្ធមិត្តនានាបានសន្យាផ្តល់ហិរញ្ញប្បទានឯកជន និងសាធារណៈចំនួន ២០ពាន់លានដុល្លារ ដើម្បីជួយឥណ្ឌូនេស៊ីផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាតជាងមុន ស្ថិតក្រោមភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP)។

ប្រធានលេខាធិការដ្ឋាន (JETP) របស់ប្រទេសឥណ្ឌូនេស៊ី លោក Edo Mahendra បាននិយាយថា ផែនការរបស់ក្រុមហ៊ុនថាមពលរដ្ឋរបស់ឥណ្ឌូនេស៊ី (PLN) ក្នុងការផ្លាស់ប្តូរពីថាមពលម៉ាស៊ូតទៅជាថាមពលកកើតឡើងវិញ នឹងក្លាយជាកម្មវិធីសាកល្បងនៅក្នុងភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP)៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner