អង្គភាពប្រឆាំងអំពើពុករលួយ៖ ក្នុងខែឧសភា មានមន្ត្រីចំនួន ២០៩នាក់ បានប្រកាសទ្រព្យសម្បត្តិ និងពាក្យប្តឹងចំនួន ៣០
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាគិតក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០២៣នេះ អង្គភាពរបស់ខ្លួនបានទទួលមន្ត្រីចំនួន ២០៩នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយចំណែកពាក្យប្តឹងវិញមានចំនួន ៣០ ។
គួរបញ្ជាក់ថានារសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នា២០២៣នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី២២ អាណត្តិទី៣ ។
ដោយឡែកបើយោងតាមរបាយការណ៍ព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងក្នុងកិច្ចប្រជុំនេះដែរថា ក្នុងខែឧសភា ឆ្នាំ២០២៣នេះ ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលគឺមានមន្ត្រីចំនួន ២០៩នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបាន ការតែងតាំងថ្មីចំនួន ១៥៨នាក់ និងមន្ត្រី ៥១នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។
ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថាសម្រាប់ ការងារពាក្យប្ដឹងវិញអង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៣០ ពាក្យប្ដឹង។
អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងបន្ថែមក្នុងរបាយការណ៍របស់ខ្លួនថាចំពោះការងារអប់រំវិញអង្គភាពប្រឆាំងអំពើពុករលួយ បានបង្រៀនមេរៀនច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ជូនដល់កម្មសិក្សាការី សុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី១៤ ចំនួន ០៣លើក ដោយមានសិក្ខាកាមចូលរួមលើកទី១ ចំនួន ១២០ រូប -លើកទី២ ចំនួន ១១០ រូប និងលើកទី៣ ចំនួន ១០៦រូប។អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំរួចរាល់ សេចក្តីព្រាងមេរៀនស្តីពីការប្រឆាំងអំពើពុករលួយ សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីសិក្សាកម្រិតឧត្តមសិក្សា និងសាលាវិជ្ជាជីវៈ ៕
អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក ហេង សម្បត្តិ