លោក ញិល ភាព៖ គ្រប់កំហុសដែលបានប្រព្រឹត្តជំរុញដោយបុគ្គលបរទេស និងគណបក្សនយោបាយជ្រុលនិយម មានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ តាមរយៈវីដេអូ លោក ញិល ភាព មន្ត្រីជាន់ខ្ពស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានអះអាងថា គ្រប់កំហុសដែលពួកខ្លួនបានប្រព្រឹត្ត និងជំរុញដោយបុគ្គលបរទេស ឬក៏គណបក្សនយោបាយជ្រុលនិយម មានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយលោកសូមធ្វើការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោក ញិល ភាព បានថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្ដេចទាំងទ្វេបានធ្វើការយ៉ាងប្ដូរផ្ដាច់ នៅក្នុងការពាំនាំមកនូវសន្តិភាពពិតប្រាកដ និងការអភិវឌ្ឍលើគ្រប់វិស័យជូនដល់ព្រះរាជាណាចក្រកម្ពុជា និងឲ្យប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីសុខ ធនាបានស្ថេរភាពសង្គម និងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងពាណិជ្ជកម្ម។
លោក ញិល ភាព បានបញ្ជាក់ថា “យើងខ្ញុំទាំងបីនាក់ដែលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរពាក់ព័ន្ធជាមួយនឹងការវាយប្រហារប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គបុរសរដ្ឋ ដែលមានបញ្ញាវាងវៃ ជាមគ្គុទ្ទេសដ៏ឆ្នើមសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចំណាយទាំងកម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីនៅក្នុងបុព្វហេតុការពារជាតិ ការពារសន្តិភាពជូនដល់ប្រជាពលរដ្ឋឲ្យរស់នៅសេចក្តីសុខក្សេមក្សាន្ត។ គ្រប់កំហុសដែលយើងខ្ញុំបានប្រព្រឹត្តដោយចេតនា ឬដោយអចេតនាក្តី ដែលជាដើមហេតុជម្រុញដោយបុគ្គលបរទេស ឬក៏គណបក្សនយោបាយជ្រុលនិយម ដែលចង់មានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ សូមធ្វើការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន”។
សូមស្តាប់ លោក ញិល ភាព ដូចតទៅ៖