ព្យុះទីហ្វុង Mawar ពាំនាំភ្លៀងធ្លាក់ខ្លាំង និងហានិភ័យរអិលបាក់ដីនៅជប៉ុន

តូក្យូ៖ ផ្នែកខ្លះនៃប្រទេសជប៉ុនបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃសុក្រនេះ ស្របពេលដែលព្យុះទីហ្វុង ម៉ាវ៉ា រំកិលខ្លួនមកដល់ ដោយវានឹងពាំនាំមកនូវខ្យល់ និងភ្លៀងធ្លាក់ខ្លាំងពាសពេញប្រទេសជប៉ុន ហើយជំរុញឲ្យអាជ្ញាធរចេញការណែនាំដល់មនុស្សរាប់ម៉ឺននាក់ឲ្យភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។

ខណៈដែលព្យុះទីហ្វុង ម៉ាវ៉ា កំពុងរំកិលខ្លួនឆ្លងកាត់ប្រទេសជប៉ុននោះ ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមាន អំពីគ្រោះទឹកជំនន់នៅកោះអូគីណាវ៉ា និងផ្នែកខ្លះនៃកោះស៊ីកូគុ និងហុនស៊ូ ដែលអាចនឹងមានភ្លៀងធ្លាក់កម្រិត ៣៥០មីលីម៉ែត្រនៅតំបន់ភាគខាងលិចនៃទីក្រុងហុនស៊ូ ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ទន្ទឹមគ្នា មនុស្សប្រហែល២៧,០០០នាក់ត្រូវបានណែនាំឱ្យជម្លៀសខ្លួនចេញពីទីក្រុង តូយ៉ូហាស៊ី ជាក្រុងមួយស្ថិតនៅភាគកណ្តាលកោះហុនស៊ូ ដោយព្រមានពីគ្រោះរអិលបាក់ដី។ ចំណែកជើងហោះមួយចំនួនទៅកាន់កោះអូគីណាវ៉ាក៏ត្រូវបានលុបចោលផងដែរ។

សូមបញ្ជាក់ថា ព្យុះទីហ្វុង ម៉ាវ៉ា ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញនៅកោះហ្កាំ (Guam) កាលពីដើមសប្តាហ៍នេះ បានថមថយឥទ្ធិពលទៅជាព្យុះត្រូពិចវិញ ហើយត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងនៃកោះដ៏ធំមួយរបស់ជប៉ុន គឺកោះហុនស៊ូ នៅពេលរំកិលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែមន្រ្តីឧតុនិយមជប៉ុនព្រមានថា ព្យុះនេះនៅតែមានគ្រោះថ្នាក់ដែលខ្យល់សើមពីព្យុះទីហ្វុង ប្រែទៅជាភ្លៀងធ្លាក់ជោគជាំ៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner