ឯកឧត្តម នេត្រ ភក្រ្តា ៖ ការបាត់បង់សត្វព្រៃ នឹងនាំឱ្យបាត់បង់លំនឹងប្រព័ន្ធអេកូឡូស៊ី ដែលយើងចាំបាច់រួមគ្នាថែរក្សា និងអភិរក្ស
ខេត្តសៀមរាប ៖ សត្វព្រៃមានតួនាទីផ្សេងៗគ្នា បើយើងបាត់បង់សត្វព្រៃនោះវានឹងធ្វើឱ្យបាត់នូវលំនឹងប្រព័ន្ធអេកូឡូស៊ី ដូចជា សត្វមួយចំនួនវាស៊ីចំណីដោយពឹងផ្អែក ទៅលើសត្វមួយចំនួនផ្សេងទៀត ប៉ុន្តែបើវាបាត់សត្វប្រភេទហ្នឹងនោះសត្វដែលពឹងពាក់ចំណីហ្នឹងវានឹងអស់ចំណីស៊ី ។ ដូចជាសត្វត្មាតវាស៊ីទៅលើសាកសព្វស្អុយរលួយដែលកើតពីការប្រមាញ់សត្វមួយផ្សេងទៀតដូចជា សត្វខ្លា ហើយបើអស់សត្វខ្លា ដូចជាខ្លាធំនោះ វាក៏ខ្វះចំណី ដូចនេះវាក៏ត្រូវបាត់បង់ពូជទៅជាមួយផងដែរ”។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

ថ្លែងក្នុងយុទ្ធនាការ «អន្ទាក់សូន្យ» នាខេត្តសៀមរាប ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា នៅចំពោះមុខ យើងចាំបាច់ត្រូវដោះអន្ទាក់ចេញពីព្រៃ។ក្នុងការអនុវត្តកន្លងមក ចាប់តាំងពី ខែមិនា ឆ្នាំ២០២២ មកដល់ បច្ចុប្បន្ន យុទ្ធនាការផ្តោតសំខាន់ទៅលើផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃដែលបង្កអន្តរាយមិនត្រឹមតែប៉ះពាល់ដល់ សត្វទេ តែវាក៏បង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ ។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្តទៀតថា៖ «គ្រប់សារពាង្គកាយមានជីវិតទាំងអស់មានតួរនាទីខុសៗគ្នាផ្ទាល់ខ្លួននៅក្នុងធម្មជាតិ ហើយការដែលបាត់បង់វត្តមានរបស់អ្វីមួយនៅក្នុងធម្មជាតិ មនុស្សគឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេ។ ”ថ្មីៗនេះ សត្វល្មូនប្រភេទថ្មីចំនួន ២ប្រភេទ ត្រូវបានរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម-ភ្នំគូលែន ក្នុងខេត្តសៀមរាប” ។

កញ្ញា Christel Griffioen នាយិកា ACCB បានបញ្ជាក់ថា «កម្មវិធីស្ដារចំនួនរបាយប្រជាសាស្រ្ដនៃប្រភេទសត្វកម្រក្រោមការថែទាំដោយមនុស្ស ជាផ្នែកមួយនៃកម្មវិធីស្តុកទុកនិងបង្កាត់ពូជប្រភេទសត្វកម្រ ដើម្បីការពារកុំឱ្យផុតពូជ ហើយការលែងសត្វទាំងនេះត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិវិញអាចធ្វើទៅបានតែនៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព និងតំបន់ដែលគ្មានការដាក់អន្ទាក់។

លោក សេង ទៀក នាយកអង្គការ WWFកម្ពុជា បានមានប្រសាសន៍ថា៖ «ជាមួយនឹងកិត្តិនាមដ៏ល្បីល្បាញ លើពិភពលោកអំពីបុរាណស្ថាននានា ខេត្តសៀមរាប ក៏ជាខេត្តមួយដែលមានជីវៈចម្រុះសំបូរបែបផងដែរ ហើយមួយផ្នែកធំនៅមិនទាន់បានរកឃើញនៅឡើយទេ ។
ព្រឹត្តិការណ៍យុទ្ធនាការអន្ទាក់សូន្យតាមខេត្តដែលនឹងប្រព្រឹត្តទៅបន្តទៀតនេះ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន បន្ទាប់មកនឹងមានការបិទបញ្ចប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ២ នៅរាជធានីភ្នំពេញ នៅចុងខែកក្កដា ៕


អត្ថបទ ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព ៖ លោក រិនរចនា និង លោក ង៉ាន់ទិត្យ