៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៦ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជាផងដែរ ក៏មានករណីឆ្លងថ្មីចំនួន ១២ករណីថែមទៀត ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ នេះជាករណីឆ្លងកើនឡើងចំនួន ១ករណី នៅកម្ពុជា បើប្រៀបធៀបនឹងសប្តាហ៍មុន។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងទាំង ១២ករណីនៅនោះ បានរកឃើញនៅថ្ងៃសៅរ៍ចំនួន ៧ករណី, ថ្ងៃអាទិត្យ មាន១ករណី និងនៅថ្ងៃច័ន្ទនេះ មាន ៤ករណីផងដែរ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៦ពាន់ ៤២០ករណី ដែលជាតួលេខឆ្លងបន្តថយចុះមកវិញច្រើនដល់ ១ម៉ឺន ៧ពាន់ ១៣ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។

ការឆ្លងក្នុងរយៈពេល ៧២ម៉ោង កន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤ពាន់ ៥០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ និងប្រទេសកម្ពុជា ដែលប្រទេសនីមួយៗមានការឆ្លងចំនួន ១២ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២៦នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ១៨ម៉ឺន ៦ពាន់ ៦៧៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៨៦៧នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៩ លានករណី, និងការស្លាប់មានជាង ៦លាន ៨៨ម៉ឺននាក់៕

ads banner