អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស៖«កម្ពុជាត្រូវការប្រជាធិបតេយ្យដែលផ្អែកលើមូលដ្ឋានសន្តិភាពនិងនីតិរដ្ឋ»
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង១១នាទី ក្រោមចំណងជើងថា «កម្ពុជាត្រូវការប្រជាធិបតេយ្យ ដែលផ្អែកលើមូលដ្ឋានសន្តិភាពនិងនីតិរដ្ឋ»។
វីដេអូនេះ ផលិតឡើង ខណៈដែលកម្ពុជា នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដែលជាដំណាក់កាលថ្មីមួយទៀតនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។ មានគណបក្សនយោបាយចំនួន១៨ ដែលចូលរួមប្រកួតប្រជែងដើម្បីដណ្តើមសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ពិតជាសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ឬសកាន់តែជ្រៅទៅៗ ដោយឈរលើមូលដ្ឋានគ្រឹះដ៍សំខាន់បំផុតពីរនោះគឺ «សន្តិភាពនិងនីតិរដ្ឋ»។
សន្តិភាពនិងនីតិរដ្ឋ បាននិងកំពុងចាក់ឬសកាន់តែជ្រៅនៅក្នុងសង្គមកម្ពុជា ហើយវាបាននិងកំពុងបណ្តុះគំនិតថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរឲ្យស្រឡាញ់ការបោះឆ្នោត ស្រឡាញ់និងថែរក្សាការពារសន្តិភាព ស្រឡាញ់និងគាំទ្រដំណើរការនីតិរដ្ឋ។ ជាក់ស្តែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៨ មានប្រជាពលរដ្ឋជាង៨៣% បានអញ្ជើញទៅបោះឆ្នោត ក្នុងនោះគណបក្សភាគច្រើនលើសលប់បោះជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននិងជានាយករដ្ឋមន្ត្រី។ ពេញមួយអាណត្តិទី៦នេះ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពស្ងប់សុខនៃសង្គមខ្មែរបានកើតមានយ៉ាងល្អប្រសើរក្នុងក្របខណ្ឌទូទាំងប្រទេស។
ទោះបីជាមានការរំខានដោយវិបត្តិកូវីដ-១៩ និងចំហាយ នៃសង្គ្រាមនៅអ៊ុយក្រែនក្តី ក៏ស្ថានភាពនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ហើយសម្រាប់ដំណើរការបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ខាងមុខនេះក៏ប្រាកដជាទទួលបានជោគជ័យយ៉ាងត្រចេះត្រង់ក្រោមម្លប់សុខសន្តិភាព និងការគោរពយ៉ាងល្អនូវគោលការណ៍នីតិរដ្ឋ៕