ទឹកជំនន់ និងរអិលបាក់ដីនៅហៃទី សម្លាប់មនុស្ស ៤២នាក់
ព័រអូប្រុំាំង៖ ក្រុមមន្រ្តីការពារជនស៊ីវិលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤២នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុន បានបង្កជាទឹកជំនន់ និងការរអិលបាក់ដី។
ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុន បានបង្កជាទឹកជំនន់ និងការរអិលបាក់ដីសម្លាប់មនុស្ស ៤២នាក់ និង១១នាក់បន្តបាត់ខ្លួន ខណៈដែលមនុស្ស ៣៧.០០០នាក់រងផលប៉ះពាល់ និង ១៣.៤០០នាក់ទៀតត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ។
អភិបាលក្រុង លីអូហ្គេន លោក អឺនសុន ហែនរី បាននិយាយថា ពលរដ្ឋរាប់ពាន់គ្រួសារក្នុងទីក្រុងនេះ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ និងការរអិលបាក់ដី ដោយលោកបានសង្កត់ធ្ងន់ថា ពួកគេកំពុងត្រូវការស្បៀងអាហារ ទឹកស្អាតបរិភោគ និងថ្នាំព្យាបាលជាបន្ទាន់។
ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញយ៉ាងធំសម្បើមនៅទូទាំងប្រទេស ក្នុងនោះបានបំផ្លាញផ្ទះរាប់រយខ្នង ហើយផ្លូវមួយចំនួនរងការខូចខាត។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីហៃទី លោក អារៀល ហែនរី បានជំរុញឱ្យមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះជាតិ ចាត់វិធានការជាបន្ទាន់ក្នុងការឆ្លើយតប។
សូមបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ដ៏ច្រើនបានបង្ហាញពីភាពងាយរងគ្រោះរបស់ប្រទេសហៃទី ចំពោះគ្រោះមហន្តរាយធម្មជាតិ និងការបរាជ័យរបស់ប្រទេសនេះ ក្នុងការកាត់បន្ថយហានិភ័យនៃព្យុះ ខណៈដែលរដូវខ្យល់ព្យុះហៀបនឹងចាប់ផ្តើម។
សូម្បីតែមុនពេលទឹកជំនន់ក៏ដោយ ប្រជាជនជិតពាក់កណ្តាលនៃប្រទេសហៃទី កំពុងត្រូវការជំនួយមនុស្សធម៌ ដែលនេះជាតួលេខកើនឡើងទ្វេដងក្នុងរយៈពេលត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា