អភិបាលរាជធានីភ្នំពេញ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ជាង ១០០០ប័ណ្ណ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាអគ្គមគ្គុទ្ទេស៍ដ៏ឆ្នើមរបស់យើង សំដៅផ្តល់កម្មសិទ្ឋិស្របច្បាប់ជូនប្រជាពលរដ្ឋ ។
ឯកឧត្តម ឃួង ស្រេង បានអំពាវនាវ ប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធានាគារ ។ បើមិនដូច្នេះទេ បងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធានាគារ មិនខានឡើយ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកចម្រើន ក្នុងមុខរបរ ក្រោមម្លប់សន្តិភាព ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ ។
លោក សារិន វណ្ណ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឱ្យដឹងថា គំរោងប្រមូលទិន្នន័យសរុបបាន ៣៧៧ ២៤៦ ក្បាលដី និងចេញប័ណ្ណជូនប្រជាពលរដ្ឋបាន ២៥៦ ១៥៣ ប័ណ្ណ។ នៅក្នុងខណ្ឌព្រែកព្នៅ គម្រោង ចេញប័ណ្ណជូនប្រជាពលរដ្ឋរួចបាន ២ សង្កាត់ គឺសង្កាត់ ព្រែកព្នៅ និងសង្កាត់គោករកា មានចំនួន ២៣ភូមិ ចេញប័ណ្ណសរុបបានចំនួន ៧១០៦ប័ណ្ណ និងនៅក្នុងសង្កាត់ ពន្សាំង ចេញប័ណ្ណបាន ១១ភូមិ មានចំនួន ៦៣៤៨ប័ណ្ណ ។ នៅក្នុងនេះ ក្រោយពីបានធ្វើការបណ្តុះបណ្តាល ការបោះពុម្ពប័ណ្ណកម្មសិទ្ធិមកដល់ថ្ងៃនេះកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានី ភ្នំពេញ សំរេចបានការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិចំបក់ធំ និងភូមិកន្លែងគល់ សង្កាត់ពន្សែង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន ១១៣៦ ប័ណ្ណ៕ ដោយ ថេត វិចិត្រ +ហេង សម្បត្តិ